Dominic Solanke មិនខកចិត្តនឹងកង្វះឱកាសបង្ហាញមុខជាមួយក្រុម Liverpool ជឿជាក់ Jurgen Klopp

0

Dominic Solanke ហាក់ដូចជា​មិន​អាក់អន់​ស្រពន់​ចិត្ត​នឹង​កង្វះឱកាស​បង្ហាញមុខ​ក្នុង​​ក្រុម​ជម្រើស​ Liverpool ទេ​ ហើយ​មាន​ទំនុកចិត្ត​លើ​វិធីសាស្ត្ររបស់​លោក Jurgen Klopp ក្នុង​ការ​អភិវឌ្ឍខ្លួន។

ជម្រើស​យុវជនអង់គ្លេស​វ័យ​២១​ឆ្នាំ​រូបនេះ​បានបង្ហាញ​មុខ​២៧​លើក​ អំឡុង ​រដូវកាល​ទី​១​នៅពហុកីឡាដ្ឋាន Anfield និង​បានបញ្ចប់​យុទ្ធនាការ​ដោយ​មាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​១៨​នាក់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌឆេម​ពាន​លីក​ជាមួយ​ក្រុម​ Real Madrid នាពេល​កន្លងមក។ Solanke គឺជា​កីឡាករដែល​លោក Klopp កោត​សរសើរ។

ប៉ុន្តែ​នៅរដូវកាល​នេះ Solanke មិន​ស្ថិតក្នុងរង្វង់កីឡាករ​ជម្រើស​ដំបូង​ទេ។ កីឡាករ​រូបនេះ​មិន​ទាន់​បាន​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ឈុត​ធំ​របស់ Liverpool នៅឡើយ​ទេសូម្បីមួយនាទី​​ ប៉ុន្តែ​ធ្លាប់បង្ហាញមុខ​ក្នុងការប្រកួត​ក្របខណ្ឌ Carabao Cup អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ចាស់ Chelsea កាល​ពីខែ​កញ្ញា។

Solanke គឺជា​កីឡាករ​ដែល​សហព័ន្ធបាល់ទាត់​អង់គ្លេស​មាន​ក្តី​សង្ឃឹម​ខ្ពស់​។ លោក Gareth Southgate បាន​ផ្តល់​ឱកាស​ដល់​ Solanke បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំលើក​ដំបូង​កាល​ពីខែវិច្ឆិកាឆ្នាំមុន​ អំឡុង​ប្រកួត​មិត្ត​ភាព​ជាមួយក្រុម​ប្រេស៊ីល។ Solanke ធ្លាប់លើក​បាល់​មាស​សម្រាប់​ព្រឹត្តិការណ៍​ប្រ​កួត​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​។

ទោះបីជា​យ៉ាងណា សហព័ន្ធ​បាល់ទាត់​មាន​ការ​បារម្ភ​ អំពី​ការ​វិវឌ្ឍ​របស់​កីឡាករ​រូបនេះ​ដោយ​សារតែ​ខ្វះ​ឱកាស​បង្ហាញមុខ​ក្នុងការ​ប្រកួត។ ប៉ុន្តែ​សម្រាប់ Solanke មិន​យល់ដូច្នេះ​ទេ ហើយ​សុខ​ចិត្ត​ទទួលយក​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​ ស្របពេល​ឃើញ​ការ​រីកចម្រើន​របស់​ក្រុម Liverpool ៕