ខ្សែប្រយុទ្ធជួរមុខ៣រូប ទំនងចាប់ដៃគ្នានៅតំបន់ប្រយុទ្ធសម្រាប់កម្ពុជាល្ងាចនេះ ក្រោមការដឹកនាំរបស់គ្រូថ្មី

0

ប្រភព  camsports  ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខទាំង៣នៃក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ទំនងជាចាប់ដៃគ្នានៅតំបន់ប្រយុទ្ធសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Félix Dalmás និងអ្នកចាត់ការថ្មី Keisuke Honda។ ចាំបានថា ខ្សែប្រយុទ្ធទាំង៣រូប ដែលជាទីចំណាប់អារម្មណ៍របស់អ្នកគាំទ្រ ពុំដែលត្រូវបានគ្រូបង្វឹក លោក Felix Gonzalez Dalmas និងអ្នកចាត់ការទូទៅ Honda ដាក់អោយចូលលេងជាជម្រើស១១នាក់ដំបូងរួមគ្នាឡើយចាប់តាំងពីលោកទាំង២ចូលមកដឹកនាំក្រុមជម្រើសជាតិ កាលពីខែសីហាមក ជាមួយនឹងការប្រកួតចំនួន៥ប្រកួតរួចមក ទាំងពានរង្វាន់ផ្លូវការ និងការប្រកួតមិត្តភាពអន្តរជាតិ នេះបើយោងតាមប្រភពមួយបានបង្ហើប។

ប្រកួតចុងក្រោយដែល ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ចាប់ដៃគ្នានៅតំបន់ប្រយុទ្ធគឺស្ថិតនៅក្រោមការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា ពោលគឺនៅក្នុងការប្រកួតទល់នឹងជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 នៅលើទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨។សម្រាប់ជម្រើស១១នាក់ដំបូងដែលជាការព្យាករណ៍របស់ក្រុមការងារ Camsports៖

អ្នកចាំទីៈ អ៊ុំ វិចិត្រ

ខ្សែការពារៈ សារ៉េត គ្រីយ៉ា​​, ហុង ផេង, សឿយ វិសាល និង សេត រ៉ស៊ីប

ខ្សែបម្រើៈ អ៊ន ចាន់ប៉ូលីន, សុះ សូហាណា និង គួច សុកុម្ភៈ

ខ្សែប្រយុទ្ធៈ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង កែវ សុខផេង​

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិឡាវ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០​ នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង