លោក ប៊ុត ម៉ក់ នឹងត្រូវចូលកាន់តំណែង​ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ​ជំនួស​លោក ​អៀ វ៉ាន់នី ដែលត្រូវចូលនិវត្តន៍

0

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯ,ឧ បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ​នឹងត្រូវធ្វើជាតំណាងលោក​ជំ​ទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច ក្នុង​​ពិធី​ប្រ​កាសចូលតែងតាំងប្រធានមន្ទីរថ្មីនៅខេត្តបាត់បង។ នេះបើតាមការឲ្យដឹងពីឯ,ឧ ណុប ចាន់ណារិន្ទ អនុរដ្ឋ​លេ​ខា​ធិ​ការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការ​កិច្ច នារ​សៀល​​ថ្ងៃទី១៦ ខែមករា នេះ ។
​អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា៖ លោក ប៊ុត ម៉ក់ ត្រូវបានតែងតាំងធ្វើជាប្រធាន​មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការ​កិច្ច ខេត្តបាត់​ដំ​បង​ ជំនួសលោក អៀ វ៉ាន់នី ដែលត្រូវ​ចូល​និវត្តន៍ ។
សូមបញ្ជាក់ថា៖ លោក ប៊ុត ម៉ក់ ធ្លាប់មានបទពិសោធន៍ និងសមត្ថភាព បំពេញការងារនៅខេត្តសៀមរាប ក្នុង​ឋានៈ​​ជាប្រធានការិយាល័យ អធិការកិច្ច បន្ទាប់មកត្រូវបានតំលើងឋានៈជាអនុប្រធាននាយកដ្ឋានរដ្ឋបាល ចំណុះឲ្យ​អគ្គ​នាយក​​រដ្ឋបាល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។
ឯ,ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា៖ការដាក់មន្ត្រីដើម្បីបន្តដឹកនាំមន្ទីរ នៅខេត្តបាត់ដំបងនាពេលនេះ គឺត្រូ​វ​បាន​យកចិត្តទុកដាក់ និងវាយតំលៃពីថ្នាក់ដឹកនាំក្រសួង ពិសេសពីលោកជំទាវកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន លើការ​ពិនិត្យ​លក្ខណៈ​សម្បត្តិ និង​សមត្ថ​ភាព​​ពេញ​លេញ ដើម្បីបំពេញបេសកម្មការងារជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបំរើ​ប្រ​ជា​ជនដោយស្មោះត្រង់ ទទួល​ភារកិច្ច ដឹកនាំ គ្រប់គ្រង សម្រប​សម្រួល លើ​គ្រប់​វិស័យ ស្របតាមបេសកកម្ម​ចំបង​​​របស់​ក្រសួង គឺ​តាម​ដាន​ការអនុវត្ត​ច្បាប់ ទប់​ស្កាត់​អំពើពុក​រលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភ​បំពានដោយប្រើ​អំណាច ដើម្បីបំរើប្រយោជន៍​បុគ្គល និងបក្សពួក គ្រួសារ និង​ការពារសិទ្ធរបស់ពលរដ្ឋ ពោលគឺ​ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល​ នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕