រដ្ឋបាលខេត្តព្រះសីហនុ បន្តកាយប្រឡាយការពារតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយស្របតាមអនុក្រឹត្យ១១៦

0

ខេត្តព្រះសីហនុ៖ នៅវេលាព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៩ លោក ស៊ុន ស៊្រន់ អភិបាលរងខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំងជម្រុះ បន្តចុះទៅអនុវត្តការកាយប្រឡាយព្រំការពារតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ។គោលបំណងសំខាន់នៃការកាយប្រឡាយព្រំការពារតំបន់ប្រភពទឹកសាបនៅក្បាលឆាយនេះគឺដើម្បីទប់ទល់ការចូលទន្រ្ទានដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋធ្វើយ៉ាងដើម្បីរក្សាទីនេះសម្រាប់ជាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ស្របទៅតាមស្មារតីនៃអនុក្រឹត្យរបស់រាជរដ្ធាភិបាលលេខ ១១៦។ការកាយប្រឡាយនេះបានធ្វើឡើងតាំងពីព្រឹកថ្ងៃទី ១៤ ខែមករាឆ្នាំ ២០១៩មកម្លេះ។តែជាការកត់សំគាល់ ខណៈពេលដែលគ្រឿងចក្រធ្វើការកាយប្រឡាយនេះនៅចំណុចក្រុម១៨ភូមិ១ជាប់មាត់ទឹកនេះក៏កើតមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋដែលបានចូលទៅទន្រ្ទាន តាំងលំនៅដោយខុសច្បាប់ក្នុងតំបន់ហាមឃាត់នេះ។ក៍ប៉ុន្តែដំណើរការនៃការកាយគឺនៅតែបន្តរជាប្រក្រតីបន្ទាប់ពីកំលាំងសម្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ដែលបានរារាំងសកម្មភាពរបស់អាជ្ញាធរក្នុងពេលចុះអនុវត្តការងារ។ពលរដ្ឋទាំងពីរនាក់ដែលត្រូវបានចាប់ឃាត់ខ្លួនរឺសួរនាំ មានឈ្មោះ ១.ឆាយ រត្ន័ ភេទ ប្រុស កន្លងធ្លាប់ជាប់ឃុំរឿងដីធ្លីម្តងហើយ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។២.ទេព សុភាព ជាសមាជិកសមាគមអភិវឌ្ឍន៍ដើម្បីកម្ពុជា។ជនទាំងពីរនាក់ខាងលើនេះសមត្ថកិច្ចកំពុងសួរនាំចាត់ការតាមច្បាប់។

តាមប្រសាសន៍ លោក ស្រ៊ុន ស្រ៊ន់ បានបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយនេះចាំបាច់ត្រូវតែរក្សាអោយបានព្រោះវាជាប្រភពទឹកសាបតែមួយគត់ដែលមិនអាចខ្វះបានសំរាប់ប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុទាំងមូល។លោក អភិបាលរងខេត្តបានអំពាវនាវដល់ បុគ្គលដែលបានលួចសង់ផ្ទះនៅតំបន់ហាមឃាត់នេះត្រូវរុះរើចេញ។លោកបានក្រើនរំលឹកដោយទទូចចំពោះបុគ្គលទាំងឡាយណាដែលបានចូលទៅតាំងលំនៅដោយខុសច្បាប់នៅតំបន់ហាមឃាត់ខាងលើនេះដោយចេតនាក្តីឬដោយចាញ់ការអូសទាញញុះញង់ពីក្រុមមេក្លោងអនាធិបតេយ្យក្តី សូមដកខ្លួនចេញជាបន្ទាន់។ចាប់ពីពេលនេះតទៅរដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្តៅចំពោះបុគ្គលល្មើសដោយគ្មានការយោគយល់ទៀតឡើយ។

សូមបញ្ជាក់កន្លងទៅនេះពលរដ្ឋដែលបានតាំងទីលំនៅយូរហើយជាច្រើនគ្រួសារនៅលើតំបន់ក្បាឆាយនេះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការជំលៀសចេញពីតំបន់ប៉ះពាល់ទឹកស្អាតដោយផ្តល់ជាចំណែកដីគោលនយោបាយរៀបចំជាឡូត៍ៗមានហេដ្ឋារចនាសម្ព័ន ផ្លូវ ទឹក ភ្លើង ជូនពួកគាត់ដើម្បីរស់នៅស្របច្បាប់។ឃើញបែបនេះក្រុមពលរដ្ឋដទែទៀតមកពីតំបន់ផ្សេងៗ(ខេត្តផ្សេង)បានអូសទាញគ្នីគ្នាលបមកតាំងលំនៅដោយខុសច្បាប់ដែរតាមមធ្យោបាយផ្សេងៗ។ជាការកត់សំគាល់ពួកគាត់បានចូលមកច្រើនគ្រាដែលរដូវកាលបោះឆ្នោតចូលមកដល់។ក្រុមពលរដ្ឋទាំងនេះត្រូវបានគេដឹងថាមានខ្សែរយៈជួយរត់ការប្រមូលស្នាមមេដៃតវ៉ាទៅថ្នាក់ជាតិដើម្បីសុំជួយអន្តរាគមន៍ផងដែរដើម្បីបានដីនេះកាន់កបាប់ទោះបីជាពូកគាត់បានដឹងហើយថា ទីនេះត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់ការពារហើយក្តីត្រូវហាមឃាត់ក្តី។

ទោះជាយ៉ាងណាបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារតំបន់ប្រភពទឹកសាបក្បាលឆាយអោយបានគង់វង្សស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលទោះជាត្រូវចំណាយក្នុងតំលៃណាក៏ដោយ។ដោយ សាវ៉ុន