ទិវានារីអន្តរជាតិ៨មីនាខួបលើកទី១០៨ឆ្នាំ២០១៩ ក្រោមប្រធានបទ«លើកកំពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស

0

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី 5 ខែមីនាឆ្នាំ 2019មន្ទីរកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ( ០៨មីនា ១៩១០ – ០៨ មីនា ២០១៩) ក្រោមប្រធានបទ ” លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធន ធានមនុស្ស “។ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីឯកឧត្ដម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងលោកជុំទាវ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ស្ត្រីត្រូវបានលើកទឹកចិត្តនិងជាដៃគូរមិនអាចខ្វះបានក្នុងកិច្ចសង្គម។ទាំងអស់គ្នាត្រូវចូលរួមលើកកំពស់ស្រ្តីដើម្បីធ្វើឲ្យពួកគេក្លាយជាកម្លាំងចលករប្រកបដោយសក្តានុពលចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

តែទន្ទឹមនេះលោកអភិបាលជំរុញលើកទឹកចិត្តដល់ស្ត្រីទាំងឡាយត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងក្លាថែមទៀតស្របពេលដែលរាជរដ្ឋាភិបាលកំពុងមានលើកទឹកចិត្ត។ឯកឧត្តម យន្ត មីន មានប្រសាសន៍បន្ថែថា ទិវាអន្តរជាតិនារី ៨មីនា ជាទិវាប្រវត្តិសាស្ត្រ នៃការលើកកម្ពស់សមភាពយេនឌ័រ។លោក អភិបាលខេត្ត ទាំងអស់គ្នាត្រូវចៀសវាងដាច់ខាតនូវទំរង់គ្រប់រូបភាពនៃអំពើហិង្សាលើស្ត្រី។

លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារី មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារី កំពុងអនុវត្តលើកកម្ពស់ស្ថានភាព និងបង្កើនភាពអង់អាចដល់ស្ត្រី លើគោលនយោបាយសមភាពយេនឌ័រ និងគោលនយោបាយជាតិ ចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសង្គមជាតិ” ការលើកកម្ពស់ស្ថានភាព តួនាទី ឋានៈរបស់ស្ត្រីក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋ ជាពិសេសស្ត្រី និងកុមារក្នុងស្មារតីទទួលខុសត្រូវ ក្រសួង ក៏ដូចជាមន្ទីរបានខិតខំអនុវត្តនូវសកម្មភាពសំខាន់ៗផ្អែកតាមផែនការនារីរតនៈ ដែលមាន ៥វិស័យ ដូចជា៖
១.ស្ត្រីនិងក្មេងស្រីក្នុងវិស័យអប់រំ
២,ស្ត្រីក្នុងភាពអង់អាចផ្នែកសេដ្ឋកិច្ច
៣. ស្ត្រីក្នុងវិស័យកិច្ចការពារផ្លូវច្បាប់
៤.ស្ត្រីនិងកុមារក្នុងវិស័យសុខភាព ,
៥.ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត។