ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនាទៀ បាញ់ បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានក្នុងយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ក្រើនរំលឹក របស់របស់រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ គឺនៅក្នុងគ្រាដែលសម្តេច បានអញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថ កងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៅក្នុងយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង និងដើម្បីត្រៀមទទួលអបអរសាទរ ក្នុងឧិកាសបុណ្យចូលថ្មី ប្រពៃណីជាតិខាងមុខ នាវេលាថ្ងៃត្រង់ ថ្ងៃទី៧មិនា២០១៩នេះ។
ដំណើរឆ្ពោះទៅកាន់យោធភូមិភាគទី១ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នោះទៀត ក៏មានការអមដំណើរ ដោយគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ អគ្គបញ្ជាការ ដ្ឋាន នៃកងយោធពលខេមរភូមិន្ទ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ក្រោមកិច្ចស្វាគមន៍ ពីមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការជុំវិញខេត្ត ជាច្រើនរយនាក់។
មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហ៊ួត ឈាង បានឡើងធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវការអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងមន្ត្រីរាជការស៊ីវិល ក្នុងខេត្តស្ទឹងត្រែង របស់រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងពេលនេះ។ លោកឧត្តមសេនីយ៍ ហ៊ួត ឈាង បានរាយការណ៍ អំពី សភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ថានៅគ្រាបច្ចុប្បន្ននេះ គឺគ្មានអ្វីដែលកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះវិញ គឺស្ថានភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍជឿនលឿន ហើយសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ លោកឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងពីរតែងបានគិតគូ និងទំនុកបម្រុងជានិច្ច ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក៏ដូចជាអង្គភាពជួរក្រោយនានាទៀតផង។ ដូច្នេះ កងទ័ពទាំងអស់ នៃយោធភូមិភាគទី១ ប្តេជ្ញាការពាររាជរដ្ឋាភិបាល ការពារសុខសន្តិភាព បូរណភាពទឹកដី និងការពារជាតិ សាសនា ព្រះមហាក្សត្រ មិនឲ្យជនអគតិ ឬពួកប្រឆាំងធ្វើការប្រឆាំង ឬធ្វើបដិវត្តពណ៌គ្រប់រូបភាព ចង់ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់បានជាដាច់ខាត។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនាទៀ បាញ់ សម្តេចបានមានប្រសាសន៍ថា សម្តេចបានធ្វើដំណើរលើផ្លូអាកាសវដ៏វែងឆ្ងាយ ចាប់តាំងពីតំបន់ជាប់ដែនសមុទ្រ រហូតមកដល់ព្រំដែនដីគោក នៃខេត្តភាគខាងកើតប្រទេស ដើម្បីចង់ដឹងពីស្ថានភាពព្រំដែន និងជួបសួរសុខទុក្ខ ដល់កងកម្លាំងដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ឡាវ និងបន្តឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច នោះផងទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ក្រើនរំលឹក និងជម្រុញបន្ថែមទៀត ដល់កងកម្លាំងទាំង៣ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមឲ្យបានយ៉ាងសកម្មថែមទៀត ក្នុងការជួយថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយកត្តាទាំងនេះអាចកើតមានទៅបាន គឺទាមទារឲ្យមានការចូលរួម ធ្វើវិភាគទានស្មារតីពីគ្រប់ៗគ្នា ព្រោះវាជារឿងដ៏សំខាន់បំផុតរបស់យើងទាំងអស់គ្នា។ ក្រៅពីនោះ គឺត្រូវធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មានជំនឿទុកចិត្តលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ តាំងពីការនិយាយស្តី អាកប្បកិរិយា រហូតដល់អំពើដែលចុះបំពេញការងារ សូមកុំធ្វើអ្វីដែលប្រជាជនមានការថ្នាំងថ្នាក់ បាក់ទឹកចិត្ត និងការបាត់បង់ជំនឿមកលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ឲ្យសោះ។ សម្តេចប្រមុខការពារជាតិ បានក្រើនរំលឹកបន្ថែមទៀត គឺត្រូវចងចាំប្រសាសន៍១០ចំណុច ដ៏មានសារៈសំខាន់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឧិកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងថ្ងៃប្រារព្ធខួបកំណើត កងយោធពលខេមរៈភូមិន្ទ នាពេលកន្លងមកនេះឲ្យបាន។ សម្តេចពិជ័យ ក៏បានមានប្រសាសន៍កោតសរសើរ ដល់ស្មារតីកងកម្លាំងទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច លើកិច្ចការងារនានា ដែលថ្នាក់លើប្រគល់ជូន ជាពិសេស លើការងារការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ។ ជាចុងក្រោយ សម្តេចប្រមុខការពារជាតិ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់គ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ផងនោះទៀត ៕ដោយឡុង  សំបូរ