ថ្នាក់ដឹកនាំអង្គភាពកងពលតូចថ្មើជើងលេខ៤១ នៃយោធភូមិភាគ៤ បាននាំយកគ្រឿងបរិក្ខាស័ង្កសីជាង២០០សន្លឹក ផ្តល់ជូនគ្រួសារកងទ័ព ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ផ្ទះ នៅក្នុងខេត្តឧត្តរមានជ័យ !

0

ខេត្តឧត្តរមានជ័យ៖ គ្រួសារកងទ័ពនៅទិសសមរភូមិមុខ ជិតទល់ដែនថៃ ៧គ្រួសារ ទទួលបានគ្រឿងបរិក្ខាជាស័ង្កសី ជាង២០០សន្លឹក សម្រាប់ប្រក់ដំបូលផ្ទះឡើងវិញ ក្រោយជួបគ្រោះខ្យល់កន្ត្រាក់ផ្ទះ កាលពី៤ថ្ងៃក្នុងសប្តាហ៍មុននេះ ពីអង្គភាពកងពលតូចថ្មើជើងលេខ៤១ នៃយោធភូមិភាគទី៤។
គ្រួសារកងទ័ពទាំង៧គ្រួសារ ដែលស្វាមីបំរើការងារនៅក្នុងអង្គភាពវរៈសេនាតូចលេខ៤១២ ចំណុះអង្គភាពកងពលតូចថ្មើជើងលេខ៤១នោះ គឺរស់នៅក្នុងភូមិបាក់អន្លូង ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។ លំនៅដ្ឋានរបស់ពួកគាត់៧ខ្នង បានរងការបក់គួចបំប៉ើងដំបូលផ្ទះ និងរងការខូចខាតជាអន្លើៗ នៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិ នាច្រើនថ្ងៃកន្លងទៅនេះ ហើយនៅថ្ងៃទី២៦មិនា ម្សិលមិញ ពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងគិតគូពី ប្រធានអង្គភាពរបស់ផងខ្លួន។
មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៤១ លោកឧត្តមសេនីយ៍ត្រី កុយ នឹម បានមានប្រសាសន៍ថា ក្នុងនាមមេបញ្ជាការកងពល លោកឧត្តមសេនីយ៍ទោ នាង ឃីម លោកមេបញ្ជាការបានចាត់លោក ដឹកនាំក្រុមការងារអង្គភាព នាំយកស័ង្កសី ២០៧សន្លឹក មកឧបត្ថម្ភដល់គ្រួសារកងទ័ព ចំនួន៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅថ្មីៗនេះ ធ្វើឲ្យបងប្អូនរងការលំបាក ព្រោះទីជម្រកបានរងការខូចខាតស្ទើរទាំងស្រុង។ លោកថា ប្រធានអង្គភាពតែងតែងយកចិត្តទុកដាក់ និងគិតគូជានិច្ច ចំពោះយោធិន និងគ្រួសារយោធិន នៅគ្រប់បណ្តាអង្គភាព និងទីកន្លែងភូមិ ឃុំរស់នៅជានិច្ច។ លោកឧត្តមសេនីយ៍ បានបន្តថា មិនចំពោះពេលវេលាណានោះទេ ឲ្យតែកងទ័ព និងគ្រួសារកងទ័ព ជួបប្រទះនូវការលំបាក ដូចជាការជួបគ្រោះធម្មជាតិ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា អង្គភាពតែងចុះជួយធ្វើអន្តរាគមន៍ និងជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ក្នុងសាងសង់ទីជម្រកស្នាក់នៅ លេណដ្ឋាន និងលំនៅដ្ឋាន ដោះស្រាយជូនបានទាន់ពេលវេលា។
តំណាងគ្រួសារកងទ័ព បានសម្តែងចិត្តរំភើប និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអង្គភាព ដែលតែងបានយកចិត្តទុកដាក់ ពីភាពសុខទុក្ខរបស់យុទ្ធជន និងគ្រួសារ មិនចំពោះអង្គភាពណា ឬការរស់នៅទីកន្លែងណានោះឡើយ។ ជាក់ស្តែង ដូចក្នុងពេលនេះ ពួកគាត់បានប្រឈមនឹងខ្វះទីជម្រករស់នៅ ក្រោយខ្យល់បានបក់គួច បំប៉ើងដំបូលផ្ទះរបស់ពួកគាត់ ហើយបានប្រធានអង្គភាព ជួយឧត្ថម្ភស័ង្កសី សម្រាប់ជួសជុលប្រក់ដំបូលផ្ទះ បានរស់នៅសមរម្យឡើងវិញ ៕