រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លើកទឹកចិត្យយុវជន ស្រឡាញ់សិល្បៈ វប្បធម៌ជាតិ 

0

ខេត្តព្រះវិហារ៖ ប្រសាសន៍បែបនេះ បានធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន នៅគ្រាដែលលោករដ្ឋលេខាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី២៦មីនា ម្សិលមិញ។ ទិវាវប្បធម៌ជាតិ ៣មិនា នេះទៀត បានប្រារព្ធធ្វើឡើង នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ។
លោករដ្ឋរលេខាធិការ បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្តេចតែងតែបានគាំទ្រ និងផ្ដល់អាទិភាពខ្ពស់ និងបានចាត់ទុកថា វប្បធម៌ គឺជាដួងព្រលឹងជាតិ ជាអត្តសញ្ញាណខ្មែរ ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះ នៃការផ្សះផ្សារសង្គមជាតិ។ លោក ជុច ភឿន បានថ្លែងរកការជំរុញ និងលើកទឹកចិត្តដល់ស្រទាប់យុវជន ដែលជាទំពាំងស្នងឬស្សី និងជាថ្នាលបណ្តុះគ្រាប់ពូជសម្រាប់បន្ដវេន ត្រូវស្វែងយល់បង្កើនការយល់ដឹង ត្រូវចេះស្រឡាញ់ ឲ្យតម្លៃសិល្បះ វប្បធម៌ជាតិខ្លួន ត្រូវបន្តបណ្ដុះមនសិការ បណ្ដុះឆន្ទៈ និងត្រូវមានស្មារតីទទួលខុសត្រូវ ក្នុងការផ្ទេរ ទទួលយកចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិ វប្បធម៌ជាតិ ក៏ដូចជាការបំផុសវប្បធម៌នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃសុខដុមណីយកម្ម របស់សង្គមជាតិ ឲ្យស្ថិតស្ថេរជាអមតៈ។
អភិបាលរងខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ខេត្តព្រះវិហារ គឺជាខេត្តមួយ ដែលចាត់ទុកថា ជាខេត្តអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រោះខេត្តនេះ មានប្រាសាទព្រះវិហារ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីរន្ទឺ នៅក្នុងសកលលោក។ លោកមានប្រសាសន៍ទៀតថា ក្រៅពីប្រាសាទព្រះវិហារ ដែលស្ថិតនៅជាប់ព្រំដែនថៃ ខេត្តព្រះវិហារ ក៏នៅមានរមណីយដ្ឋានប្រវត្តិសាស្ត្រ និងប្រាង្គប្រាសាទជាច្រើនកន្លែងទៀត ដែលជាសម្បត្តិវប្បធម៌ រូបិយ និងអរូបិយ។ ដូច្នេះ ទិវាវប្បធម៌ជាតិ ៣មីនា នឹងស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់វ័យ គ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ ប្រកបដោយស្មារតីស្នេហាជាតិ ពិសេស ស្រទាប់យុវជនដែលជាអ្នកបន្តវេន នឹងបានស្គាល់ពីតម្លៃពិត នៃវប្បធម៌ជាតិ កាន់តែច្បាស់ និងមានស្មារតីមុតមាំ ក្នុងការថែរក្សាកេរ្ដិ៍តំណែលវប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទំលាប់ ជំនឿ និងសាសនា ដ៏ល្អផូរផង់របស់ជាតិយើង៕