ឧត្ដមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលប្រជាការពារ៨៥នាក់ដើម្បីពង្រឹងការងារសន្តិសុខក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

0

កំពង់ធំៈ ដើម្បីពង្រឹងសមត្ថភាព ដល់កម្លាំងប្រជាការពារភូមិ ដែលជាកម្លាំងស្ម័គ្រចិត្ត និងជាសេនាធិការដ៏ សំខាន់ដល់កងកម្លាំងសមត្ថកិច្ច  ដើម្បីការពារអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅក្នុងមូល​ដ្ឋាន ឲ្យប្រជាពលរដ្ឋ គេងលក់ស្កប់ស្កល់ និងមានសុវត្ថិភាពទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជន គឺចាំបាច់ណាស់ ត្រូវបានពង្រឹងគុណភាពដើម្បីអនុវត្តការងារ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយ ឯកឧត្តម ឧត្ដមសេនីយ៍ត្រីឃួន សុវណ្ណ នាយករងអធិការកិច្ច អគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ និងលោក ជំទាវ  និងព្រះតេជគុណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធ៍ អាជ្ញាធរដែនដីប្រជាពលរដ្ឋ ចូលរួមសំណេះសំណាលជាមួយ ប្រជាការពារចំនួន ៨៥នាក់ នៅព្រឹកថ្ងៃទី ០២ខែមេសាឆ្នាំ ២០១៩ស្ថិតនៅឃុំ ទ្រៀល  ស្រុកតាំងគោក  ខេត្តកំពង់ធំ។

ឯកឧត្ដមឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីពង្រឹងតួរនាទីភារកិច្ច  ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូន​ប្រជាពលរដ្ឋ ឲ្យទទួលបាននូវក្តីសប្បាយរីករាយ  នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ  ក៏បានក្រើនរំលឹក ដល់ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ អំពើចោរលួច ចោរប្លន់ ការជួញដូរ និងចែកចាយគ្រឿងញៀន និងល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដោយសហការជាមួយនិងកងកម្លាំងសមត្ថកិច្ច  និងអនុវត្តគោលនយោ​បាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ ចំណុច ដើម្បីប្រជាជនយើង ។

នៅឱកាសសំណេះសំណាល លើកទឹកចិត្តដល់ប្រជាការពារ ឧត្ដមសេនីយ៍ ទោ សោម  និងឧត្ដមសេនីយ៍ ត្រី ឃួន  សុវណ្ណ បានជួយឧបត្ថម្ភ ជូនប្រជាការពារ  និងលោកតាលោកយាយ ក្នុងម្នាក់ៗទទួលបានសារ៉ុង​មួយ និងថវិកាមួយចំនួនផងដែរ។

ដោយ  ប៊ុន  រដ្ឋា