អភិបាល​ខេត្តកំពង់ចាម​ ប្រគល់​អណ្តូង​ទឹក​៤០​ ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​ការ​ខូចខាត​ទឹក​ប្រើប្រាស់​ ក្នុង​ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃឈរ​

0

កំពង់ចាម​:​ ស្របពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ព្រាំងព្រះ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ កំពុង​តែ​មាន​ការ​ខ្វះខាត​​ទឹក​សម្រាប់​ប្រេីប្រាស់​ ដោយ​សារ​អាកាសធាតុ​ស្ងួត​ហួតហែង​ នាព្រឹក​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ធ្វើ​ការ​ប្រគល់​អណ្តូងទឹក​ ចំនួន៤០អណ្តូង ជូន​ប្រជាពលរដ្ឋ​ សម្រាប់​ប្រេីប្រាស់​។

សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងខែកុម្ភៈកន្លងទៅថ្មីៗនេះ ដោយសារតែក្នុងតំបន់ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ជួបការខ្វះខាតទឹក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បាន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះធ្វើការសិក្សា​ ដើម្បីផ្តល់អណ្តូងទឹក​ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យ​ទាន់តម្រូវការ ដោយសារតែតំបន់នេះ គ្មានប្រភពទឹក ប្រសិនបើមិនមានវិធានការជាបន្ទាន់នោះទេ​ ប្រជាពលរដ្ឋ​ពិតជាពិបាកជាក់ជាពុំខាន និងដើម្បីស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋ​ ដែលនឹងអាចទទួលផលប៉ះពាល់ ដោយសារតែគ្រោះរាំងស្ងួត ហេតុនេះថ្នាក់ដឹកនាំនៅមូលដ្ឋាន ជាពិសេស ឯកឧត្តមគួច ចំរើន បានខិតខំ ស្វែងរកជំនួយ ពីអង្គការក្នុង ឬ​ក្រៅរដ្ឋាភិបាលនានា ដើម្បីរិះរកមធ្យោបាយ ដោះស្រាយទឹកជូនពួកគាត់ ។

ជាក់ស្តែងនៅក្នុងពេលនេះផ្ទាល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការនូវអណ្តូង ទឹក ស្នប់ ចំនួន៤០អណ្តូង ដែល​ជាអំណោយ​របស់​អង្គការ CBN និងអង្គការកាកេហេ​ ជូនបងប្អូនប្រជាពលរដ្ឋ​ ក្នុងឃុំ​ត្រពាំង​ព្រះ​ ស្រុកព្រៃឈរ​ ទុក​សម្រាប់​ប្រេីប្រាស់​។
មានប្រសាសន៍នាឱកាសនោះដែរ​ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​​ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រះ ។
ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត​ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់​ ក្នុងការតាមដានមើលចំពោះអគ្គិសនីដែល បានប្រើប្រាស់ហើយត្រូវបិទអោយបានត្រឹមត្រូវ​ បើពុំនោះទេ ដែលវាអាចទុស្សេ បង្កជាគ្រោះអគ្គិភ័យទៀតផង ដែលបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់យើង។
ជាមួយគ្នានោះ​ឯកឧត្ដម​អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះ អគ្គិ​ភ័យ កើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិ​ភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជំនាញ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យជាប់ជាប្រចាំ​ អំពីបញ្ហាទឹកប្រើ​ប្រាស់ និងស្រោចស្រព ជូនប្រជាពលរដ្ឋ ដើ​ម្បីធានាបាននូវការប្រើ​ប្រាស់គ្រប់គ្រាន់ នារដូវប្រាំងនេះផងដែរ​ ៕