អភិបាលខេត្តតាកែវជម្រុញអោយក្រុមគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់លើការព្យាបាលអ្នកជម្ងឺអោយអស់ពីលទ្ធភាពដើម្បីសង្គ្រោះជីវិតមនុស្ស

0

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានធ្វើការជម្រុញដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវតែគោរពក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួនខ្ជប់ខ្ជួន ជាពិសេសយកចិត្តទុកដាក់លើការព្យាបាលអ្នកជម្ងឺអោយអស់ពីលទ្ធភាពដើម្បីសង្គ្រោះជីវិតមនុស្ស ។
ថ្លែងបែបនេះក្នុងពេលដែលឯកឧត្តមអភិបាលខេត្តតាកែវរួមជាមួយលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលចូលរួមក្នុងពិធីបិទសន្និបាទបូកសរុបការងាររបស់មន្ទីរសុខាភិបាលឆ្នាំ២០១៨នេះ នៅសាលប្រជុំមន្ទីរសុខាភិបាល នារសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ។ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា កន្លងមកយើងឃើញថាមានការរីកចម្រើនខ្លាំងទោលើផ្នែកប្រព័ន្ធបច្ចេកវិទ្យា ហើយប្រព័ន្ធបច្ចេកវិទ្យានេះបានធ្វើអោយមានការផ្សព្វផ្សាយជាពត័មាន អំពីកំហុសឆ្គងមួយចំនួន ដែលក្រុមគ្រូពេទ្យរបស់យើងបានធ្វើខុស ធ្វើអោយមានការសាយភាយ ហើយបានជះឥទ្ធិពលដល់ក្រុមគ្រូពេទ្យជាច្រើនផ្សេងទៀត ។ ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ត្រូវតែមានការយោគយល់ច្រើនជាមួយ និងប្រជាពលរដ្ឋរបស់យើងដែលជាអ្នកទទួលសេវា ពីព្រោះការយល់ដឹងរបស់ពួកគាត់មួយចំនួន នៅមានកម្រិត ម្លេះហើយសូមអោយគ្រូពេទ្យត្រូវតែយកការអត់ធ្មត់ជាធំ ដើម្បីសង្គ្រោះអាយុជីវិតរបស់មនុស្ស ហើយត្រូវតែបញ្ចៀសអោយបាននៅចំនុចអសកម្មទាំងឡាយ ដែលធ្លាប់តែកើតមានកន្លងមក ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ លោកវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ធ្មប និងមន្រ្តី សុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ ទាំងផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខាសុខាភិបាល បានបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ប៉ុស្ដិ៍សុខភាពទាំងអស់ទូទាំងខេត្តតាកែវ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ មិនគិតថ្ងៃឈប់សម្រាក យប់ឬថ្ងៃ នៅតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។ តាកែវ