ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត 

0

ខេត្តស្ទឹងត្រែង៖ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ពីស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តស្ទឹងត្រែង នៅមុនបុណ្យចូលឆ្នាំច្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ នាពេលខាងមុខនេះ។
អំណោយទាំងនោះ ត្រូវបាននាំយកមកប្រគល់ជូន ប្រធានអង្គភាពសឹករងខេត្តស្ទឹងត្រែង ដោយព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្ត លោកច្រឹង ខ្មៅ នារសៀលថ្ងៃទី៣មេសា២០១៩ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការ ដោយអំណោយទាំងនោះ រួមមាន៖ អង្ករនាងមិញ ២០បេ ស្មើនឹង១ពាន់គីឡូក្រាម មីម៉ាម៉ា ៥កេសធំ ទឹកបរិសុទ្ធ ២០០យួរ និងថវិកា ចំនួន២លានរៀល នោះផងទៀត។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ ស្វាគមន៍ នូវដំណើរចុះសាកសួរសុខទុក្ខដល់កងទ័ព របស់ស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តនាពេលនេះ ក្នុងន័យពង្រឹងកិច្ចទំនាក់ រវាងអង្គភាពកងទ័ព និងស្ថាប័នតុលាការខេត្ត ឲ្យកាន់តែខិតចូលមករកភាពស្និទ្ធស្នាល និងរឹតចំណងសាមគ្គីភាពរឹងមាំ តាមគោលការណ៍របស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពិសេស តាមគោលការណ៍ រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានលើកឡើង អំពីសភាពការណ៍ ដែលបានកើតឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នាពេលកន្លងមក បន្ទាប់ពីទាហានឡាវ ចូលមកកាន់កាប់តំបន់អូរអាឡៃ និងអូរតាង៉ាវ និងតំបន់មិនមានការឯកភាពបោះបង្គោល និយាយរួម ខ្សែក្រវ៉ាត់ព្រំដែន មានប្រវែង២៥៧គីឡូម៉ែត្រ ទើបត្រូវបានបោះបង្គោលបាន ប្រមាណ១៦៩គីឡូម៉ែត្រ ប៉ុណ្ណោះ ជាប់ព្រំដែនខេត្តចំប៉ាសាក់ និងនៅសល់ប្រមាណ៩៤គីឡូម៉ែត្រទៀត ជាប់ព្រំដែនខេត្តអត្តពឺ ប្រទេសឡាវ ដែលគណៈកម្មាការជាតិ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ នៅមិនទាន់បានវាស់វែង និងបោះបង្គោលនៅឡើយ។ លោកឧត្តមសេនីយ៍បន្តថា ការចូលកាន់កាប់របស់ទាហានឡាវ នៅក្នុងបូរណភាពទឹកដីកម្ពុជា នៃតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតនៅក្នុងតំបន់ នៃភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានដោះស្រាយបញ្ចប់ជម្លោះ ដោយភាគីឡាវយល់ព្រមដកកងទ័ព ចូលទៅក្នុងទឹកដីឡាវវិញ ក្រោមកិច្ចព្រមព្រៀង រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ។ លោកថា ក្រោយពីការដកកងទ័ពឡាវនោះរួច គឺមានកម្លាំងសកម្មភាពខាងឡាវ ជ្រៀតចូលម្តងម្កាល ដូចជា ស៊ើបការណ៍ប្រដាប់អាវុធ រុញប្រជាជនឲ្យមករស៊ី ធ្វើការនៅក្នុងតំបន់ដែលធ្លាប់ប្រឈមមុខដាក់គ្នា ក្រៅពីនោះឡាវបានបង្ហោះត្រូនស៊ើបការណ៍ចូលដីកម្ពុជា នៅក្នុងឆ្នាំ២០១៨កន្លងមក មានរហូតដល់ទៅជាង៥០លើក ហើយភាគីយោធាកម្ពុជា បានធ្វើលិខិតតវ៉ាជាមួយភាគីឡាវជាបន្តបន្ទាប់។ លោកឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាក់ថា នៅរយះពេលពីរបីឆ្នាំកន្លងមកនេះ អង្គភាពសឹករងខេត្ត ទទួលភារកិច្ចពីរ គឺភារកិច្ចការពារទប់ទល់ខាងយោធា និងផ្នែកការទូត ប្រជុំសម្របសម្រួលជាមួយភាគីឡាវ ដើម្បីធ្វើឲ្យសន្តិសុខតាមព្រំដែនបានល្អប្រសើរ មិនបង្កការលំបាក ដល់ថ្នាក់ខេត្ត ថ្នាក់ជាតិ ពិសេស រាជរដ្ឋាភិបាល នោះឡើយ។ ក្រៅពីនោះកម្លាំងយោធា ក៏បានចូលរួមសហការណ៍បង្ក្រាបបទល្មើសឆ្លងដែន ជាមួយមន្ត្រីជំនាញពាក់ព័ន្ធនានា បានជាច្រើនករណីផងទៀត ដើម្បីរក្សាការពារបាន នូវសន្តិសុខព្រំដែន ធ្វើឲ្យព្រំដែនមួយដែលធ្លាប់តែមានភាពស្មុគស្មាញ មកជាព្រំដែនមានសន្តិសុខ សុវត្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ យ៉ាងល្អប្រសើរ ស្រមតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។

ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តស្ទឹងត្រែង លោកច្រឹង ខ្មៅ លោកមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញា នៃអយ្យការ មហាអយ្យការ អមតុលាការកំពូល ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលតែងណែនាំដល់ថ្នាក់ក្រោម ដើម្បីធ្វើការសហការ ទំនាក់ទំនង ជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ជាពិសេស កម្លាំងយោធានៅតាមព្រំដែន នៅក្នុងខេត្តស្ទឹងត្រែង ដែលមានព្រំដែនជាប់ជាមួយប្រទេសឡាវ។ លោកបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានតួនាទីសំខាន់ណាស់ នៅក្នុងអំណាចទី៣ របស់តុលាការ គឺជាអំណាចមួយដែលមានសិទ្ធិផ្តល់ នូវសេវាកម្មយុត្តិធម៌ ក្នុងការកាត់ក្តីជូនប្រជាពលរដ្ឋ ហើយអយ្យការមានឋានានុក្រម៣ថ្នាក់ គឺថ្នាក់ដំបូង ថ្នាក់ឧទ្ធរ និងថ្នាក់កំពូល មានតួនាទីក្នុងការរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ យោងតាមរដ្ឋធម្មនុញ្ញ ដែលអង្គការនេះមានអំណាចផ្តាច់មុខ ក្នុងការបើកការស៊ើបអង្កេត និងចោទប្រកាន់ ទៅលើជនណាដែលបានប្រព្រឹត្តបទល្មើស។ លោកបានកោតសើសើរ ដល់អង្គភាពសឹករងខេត្ត ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការ គឺតែងបានខ្នះខ្នែងជួយដល់អាជ្ញាធរខេត្ត ជាពិសេស ជួយដល់ស្ថាប័នអយ្យការខេត្តតែម្តង បើគ្មានកងកម្លាំងយោធាជួយការពារ នូវការចុះបង្ក្រាបបទល្មើស នៅតាមតំបន់ព្រំដែន និងនៅក្នុងផ្ទៃខេត្តនេះទេ គឺមិនអាចទប់ស្កាត់ការកើតឡើង នូវបទល្មើសបានឡើយ ហើយបទល្មើសដែលកើតនៅតាមតំបន់ព្រំដែន ភាគច្រើន គឺបទល្មើសគ្រឿងញៀន និងបទល្មើសព្រៃឈើជាដើម។ល។ លោកច្រឹង ខ្មៅ បានបន្តថា លទ្ធផលបង្ក្រាបបទល្មើស ដែលកើតមាននាពេលកន្លងមកនេះ គឺកើតចេញពីកិច្ចសហការណ៍ល្អ របស់កងកម្លាំងប្រដាប់អាវុធ។ ដូច្នេះ ស្ថាប័នអយ្យការ នៅសមរភូមិក្រោយ នៅតែផ្សារភ្ជាប់កិច្ចទំនាក់ទំនង គាំទ្រ ទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធ ទាំងនៅសមរភូមិមុខ និងនៅសមរភូមិក្រោយជានិច្ច ៕