ឯកឧត្ដម សុខ លូ ណែនាំឲ្យសហការជាមួយក្រុមហ៊ុនសហគ្រាស និងគ្រឹះស្ថានឯកជនពង្រឹងប្រសិទ្ធិភាពការងារជូនកម្មករនិយោជិត

0

ខេត្តកំពង់ធំ៖ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ សុំឲ្យក្រុមហ៊ុនវៀតណាមអភិវឌ្ឍន៍ កៅស៊ូទាំង៩ក្រុមហ៊ុន ត្រូវគោរពឱ្យបាននូវកិច្ចសន្យាដែលត្រូវមាន សាលារៀន ផ្ទះកម្មករស្នាក់នៅ ប្រព័ន្ធទឹកស្អាត មណ្ធលសុខភាពនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រសាសន៍នេះ ត្រូវបានឯកឧត្ដម អភិបាលខេត្ត ថ្លែងក្នុងពិធី សំណេះសំណាល ខួប១០០ឆ្នាំអង្គការអន្តរជាតិ ការងារ ខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “កិច្ចគាំពារសង្គម ដើម្បីផលិតភាព” ដែលធ្វើឡើង ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩  និងមានកម្មករ ចូលរួមជាង៥០០នាក់ បានប្រារព្ធធ្វើឡើងនៅក្នុងក្រុមហ៊ុនតាន់បៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ៕បន្ទាប់ពីបានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ណែនាំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានឯកជននានា ដើម្បីពង្រឹងប្រសិទ្ធិភាពការងារជូន កម្មករ និយោជិត និងលើកកំពស់ជីវភាពរស់នៅរបស់ពួកគេ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ហើយកម្មករខ្លួនឯង និងត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះការងាររបស់ខ្លួនឯងផងដែរ បានចាត់ទុកថា ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន ទាំងវិស័យរដ្ឋ និងវិស័យឯកជន គឺជាប្រភពផ្តល់ការងារជូនកម្មករ និយោជិត ដល់កូនចៅប្រជាពលរដ្ឋ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ ល្អប្រសើរ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ  បានខិតខំប្រឹងប្រែង ជំរុញឲ្យក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទាំងអស់នៅក្នុងខេត្ត ត្រូវបន្តរៀបចំសេវាសុខភាព មានថ្នាំពេទ្យ សាលារៀន និងមានទឹកស្អាតសំរាប់ប្រើប្រាស់ បើម្បីបញ្ជៀសបាននូវហានិភ័យផ្សេងៗ ដែលជាកក្តាមួយនាំឲ្យប៉ះពាល់ដល់សុខមាលភាព និងអាយុជីវិតរបស់កម្មករ និងបានអនុវត្តនូវ អនុសាសន៍ការងារចំនួន៦ចំណុច បូកនិងអនុសាសន៍១០ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកំពស់លក្ខខណ្ឌការងារ ពង្រឹងការអនុវត្តច្បាប់ ស្តីពី ការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ។

ឯកឧត្តម សុខ លូ បានធ្វើការអំពាវនាវដល់ កម្មករ កម្មការិនីដែលបានចូលរួមចំនួនប្រមាណ៥០០នាក់ ឱ្យចាកឆ្ងាយពីគ្រឿងញៀន  និងចូលរួមគោរពច្បាប់ចរាចរណ៍ ដោយសារតែ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងតែក្លាយជាជំងឺដ៏កាចសាហាវបំផុត បើយើងមិនចូលរួមគោរពច្បាប់ទេ និងអាចបណ្តាលឲ្យ សាច់ញាតិ បងប្អូន មិត្តជិតខាង រងការខូតខាត បាត់បង់ទ្រព្យសម្បត្តិដោយសារតែ គ្រោះថ្នាក់ចរាចរណ៍នេះមិនខាន ។

ដោយ  ប៊ុន  រដ្ឋា