កង្ហារចំនួន២២គ្រឿង អំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ត្រូវបានផ្តល់ជូនសាលាបឋមសិក្សា តាម៉ា សង្កាត់ម្កាក់

0

បន្ទាយមានជ័យ ៖ ដោយសារមួយរយៈនេះអាកាសធាតុមានការប្រែប្រួលមានការឡើងកំដៅខុសពីធម្មតា បានធ្វើអោយសិស្សានុសិស្សពិបាកក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការឆ្លើយតបតាមការស្នើសុំរបស់សាលា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភកង្ហារចំនួន២២គ្រឿង ជូនដល់សាលាបឋមសិក្សា តាម៉ា ស្ថិតនៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដែលដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ។
មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត បានលើកឡើងថា ៖ ដោយមានការរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ដែលតែងតែគិតគូពីសុខទុកបងប្អូនប្រជាពលរដ្ឋជាខ្លាំង ពិសេសក្មួយៗសិស្សានុសិស្ស ដោយរយៈពេលប៉ុន្មានខែនេះសីតុណ្ហភាពមានការកើនឡើង ធ្វើឲ្យពិបាកដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ ក៏ដូចជាឆ្លើយតបតាមការស្នើរសុំរបស់សាលា ទើបលោកបានផ្តល់កង្ហារចំនួន២២គ្រឿង ជូនសាលា រួមនឹងមានការរៀបចំប្រព័ន្ធភ្លើងជូនផងដែរ ។ ជាមួយគ្នានោះអភិបាលរងខេត្ត ក៏ណែនាំដល់ក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាសុខភាពឲ្យបានល្អ កុំញាំចំណីអាហារណាដែលប៉ះពាល់ដល់សុខភាព មិនត្រូវនៅក្រោមកំដៅថ្ងៃ កុំញាំភេសជ្ជៈពេលថ្ងៃក្តៅពេក ត្រូវសម្អាតអនាម័យខ្លួនប្រាណ លាងដៃឲ្យបានស្អាតជាប្រចាំមុនពេលញាំចំណីអាហារ ត្រូវស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ត្រូវជួយកិច្ចការងារផ្ទះឪពុកម្តាយ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ។
ជាមួយគ្នានោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានបញ្ជាក់ថា ៖ ថ្ងៃនេះក្រុមការងារឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំដោយឯកឧត្តម អភិបាលរងខេត្ត បាននាំយកកង្ហារចំនួន២២គ្រឿងជូសាលាបឋមសិក្សាតាម៉ា ហើយក៏នឹងផ្តល់ជូនតាមការសំណូមពរដល់សាលាចំនួនពីរផ្សេងទៀតនៅក្នុងក្រុងសិរីសោភ័ណរួមមាន៖ សាលា ម្កាក់ និងសាលា ភ្នៀត សរុបមានចំនួនជាជិត៥០គ្រឿង សម្រាប់បំពាក់នៅក្នុងសាលាដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ ៕ ដោយ៖ ឃិន គន្ធា