គ្រួសារអតីតយុទ្ធជនពិការបានទទួលផ្ទះថ្មីអំណោយសម្ដេចតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា

0

កំពង់ធំ៖  លោក កែវ ថា ជាអតីតយុទ្ធជនពិការ និងភរិយាបានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  ចុះប្រគល់ជូនដល់ គ្រួសារអតីតយុទ្ធជននៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។

ពិធីប្រគល់នេះ គឺត្រូវបានធ្វើឡើង នៅក្នុងភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមានការ អញ្ជើញចូលរួមសម្តែងនូវសេចក្តីត្រេតអរ ពីសំណាក់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ  ផ្ទះដែលបានប្រគល់ជូន គឺជាខ្នងផ្ទះលើកទី១១៨ សម្រាប់ផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ ដែលមានទំហំ ៤ម x ៦ម សាងសង់ពីឈើ ខ្ពស់ផុតពីដី ជញ្ជាំងនិងរនាបក្ដា ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ប្រាក់ចំនួន ៦,៩៨៥,០០០៛ និងក្រុមការងារបានឧបត្ថម្ភបន្ថែម ទៀតនូវអង្ករចំនួន៥០គីឡូក្រាម  មីយើងចំនួន២ កេស  ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ  មុងជ្រលក់ថ្នាំចំនួន២ និងថវិកាចំនួ ៣៥០,០០០ រៀលផងដែរ។

លោក កែវ ថា អាយុ៥៥ឆ្នាំ មិនត្រឹមតែជាអតីតយុទ្ធជនពិការនោះទេ គាត់ច្ចុប្បន្នជាកីឡាករជម្រើសជាតិជនពិការ ផ្នែក អត្តពលកម្ម និងបានទទួលមេដាយថ្នាក់ជាតិ និង អន្តរជាតិ ចំនួន២៨ គ្រឿងទៀតផង ចំណែកភរិយាឈ្មោះ អ៊ុច វុន អាយុ៥៧ឆ្នាំ ក៍ជាជនពិការជើង ដោយសារសង្គ្រាមជាមួយនិងស្វាម៉ី មានកូន០១នាក់ ដោយជីវភាពខ្វះខាត មិនមានជម្រកស្នាក់នៅសមរម្យនោះទេ បាននាំគ្នាទៅធ្វើការនៅទីក្រុងភ្នំពេញ ធ្លាប់បម្រើក្នុងជួរកងទ័ពនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៨០ នៅអង្គរភាព យោធា ខេត្ត ឧត្ដរមានជ័យ  ហើយត្រូវរបួសពិការជើងដោយជាន់មីននៅក្នុងសមរភូមិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ បញ្ជាក់ជូនអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនេះផងដែរថា អតីតយុទ្ធជនរបស់យើង ត្រូវបានសម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជន បានយកចិត្តទុកដាក់ខ្ពស់បំផុតគឺ ១/. ពេលបងប្អូនមានជម្ងឺ បងប្អូនមានប័ណ្ណបេឡាជាតិ សន្តិសុខសង្គម ទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនានា ដោយឥតគិតថ្លៃ។២/. អតីតយុទ្ធជនទទួលមរណៈភាពគ្រួសារសពបានទទួលប្រាក់ចំនួន ៤លានរៀល ដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជនមកបើកជូនដល់លំនៅដ្ឋាន គ្រួសារសពបានទទួលប្រាក់ធានារ៉ាប់រងសង្គម តាមប្រភេទសោធននិវត្តន៍ បាត់បង់សមត្ថភាព និងពិការ ដើម្បីគ្រួសារសពមានប្រាក់កសាងជីវភាពរស់នៅបន្តទៀត ។

៣/. អតីតយុទ្ធជនមានដី តែមានផ្ទះរស់នៅមិនសមរម្យ ឬគ្មានផ្ទះរស់នៅ ឬបងប្អូនដែលគ្មានដីគ្មានផ្ទះរស់នៅ ត្រូវបានសម្ដេចតេជោ  ហ៊ុន សែន ឲ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ រៀបចំដីសម្បទានសង្គមកិច្ចកសាងផ្ទះសម្បែង រៀបចំជាភូមិដ្ឋាន និងមានដីបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដែលបច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ធំ កំពុងគិតគូរដោះស្រាយ។  ដោយ ​ប៊ុន រដ្ឋា