ថវិកាជិត២៦ម៉ឺនដុល្លាបានឧបត្ថម្ភពីសម្បុរសជនក្នុងពិធីអបអរខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញជា ប្រធានគណៈអធិបតី ក្នុងពិធី អបអរខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខេត្តកំពង់ធំ អមដំណើរដោយអ្នកមុខអ្នកការ និងឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង និងសិស្សានុសិស្សជាង១ពាន់នាក់ដែលបានប្រារព្វធ្វើឡើង នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៩។

លោក ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ពីសកម្មភាព ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានធ្វើសកម្ម ភាពចុះជួយសង្រ្គោះ និងជួយឧបត្ថម្ភ ដោះស្រាយ ដល់ប្រជាពលរដ្ឋ ដែលបានជួបនូវហានិភ័យ ដោយគ្រោះ មហាន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ធំកន្លងមក ក្នុងនោះក៏បានបញ្ជាក់ផងដែរថា កម្លាំងបណ្តាញអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កំពុងពង្រាយខ្លួន បំពេញប៉េសកម្មដោយស្ម័គ្រចិត្ត ដោយក្តីញញឹមចាំជួយ សង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដោយបានផ្អែកលើគោលការណ៍គ្រិះ ៧ចំនុច គឺមនុស្សធម៌ , ភាពមិនលំអៀង , អន្យាក្រឹតភាព , សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព ។

លោក ជា វ៉ាន់ចាន់ បានអានពីរបាយការណ៍ បានឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន៥,០៨៦គ្រួសារ ក្នុងនោះអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៣,៧១៤គ្រួសារ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តចំនួន ១០៨០គ្រួសារ អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមស្រុកក្រុង ២៩២គ្រួសារ អំណោយទាំងនោះមាន អង្ករ, មុង,មុងសុវត្តិភាព,ភួយ, សារ៉ុង, ក្រម៉ា,កន្ទេល,កៅស៊ូតង់,មី,ត្រី ខ , ទឹកត្រីនិងទឹកស៊ីអ៊ីវ, អាហារបំប៉នសុខភាព,ធុងចម្រោះទឹក, និងរទេះជនពិការ, សុរបថវិកាចំនួន ៣១,២០៦,០០០រៀល ក្នុងនោះក៏បានជួយដល់ស្រ្តីឆ្លងទន្លេ១៥នាក់ និងជួយដល់កុមារខ្វះ អាហាររូបបត្ថម្ភអាយុក្រោម៥ឆ្នាំចំនួន៤៣នាក់។

បន្ទាប់ពីឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអានសារលិខិត សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួចមក ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកលោកស្រី រួមទាំងសម្បុរជនទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ ឆ្នាំនេះគឺសង្កេតឃើញថា មានការចូលរួមច្រើន ពីបងប្អូនសម្បុរជនដែលបានឧបត្ថម្ភថវិកា ដែលទទួលបាននាពេលនេះ ចំនួន ២០៥៩០០ដុល្លា និងសូមថ្លែងអំណរគុណដល់សម្បុរសជនដែលបានជួយ ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តកំពង់ធំ និងសូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និង លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ដែលលោកជំទាវតែងតែចុះប្រតិបត្តិផ្ទាល់ តាមគោលដៅដែលមានការ ខ្វះខាត និងបានជួយសាងសង់ផ្ទះជាច្រើន និងបានធ្វើឲ្យសាខាកាកបាទក្រហមខេត្តកំពង់ធំ ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែរ៉ឹងមាំ ដែលអាចជួយសង្រ្គោះប្រជាពលរដ្ឋ បានទាន់ពេលវេលា។

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍ កោតសរសើរដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនឲ្យមានលក្ខណៈរ៉ឹងមាំ ក្រោមការដឹកនាំរបស់ប្រធាន អនុប្រធាន និងមន្រ្តី រួមទាំងអ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលធានាបាននូវការជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបនិងគ្រោះមហន្តរាយផ្សេងៗ មិនតែប៉ុណ្ណោះបានធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មានលទ្ធភាព ក្នុងការចុះជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

ដោយ ប៊ុន រដ្ឋា