រដ្ឋបាលខេត្តកំពង់ចាមបេីកវេទិការពិគ្រោះយោបល់ ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមនានាដេីម្បីស្រង់យកនូវសំណូមពរសំខាន់ៗ

0

កំពង់ចាម ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន អញ្ជេីញ ជា អធិបតី ក្នុង ពិធី បើក វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមនានាក្នុងខេត្តកំពង់ចាម គឺរៀបចំឡើងតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងស្រង់យកនូវសំណូមពរសំខាន់ៗ និងបញ្ហានានា ដែលមិនអាចដោះស្រាយបាន នៅក្នុង ដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត នឹងត្រូវធ្វើរបាយការណ៍ផ្ញើជូនក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្របសម្រួល និងជួយគាំទ្រក្នុងការដោះស្រាយ ដែល ពិធី នេះ ត្រូវ បាន ធ្វើឡើង នាព្រឹក ថ្ងៃ ទី ៧ ខែឧសភា ឆ្នាំ ២០១៩ នៅ សាលប្រជុំ ធំ សាលាខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក លោកស្រី អភិបាល រង ខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញ ខេត្ត អភិបាល ក្រុង -ស្រុក ទាំង ១០ និង អង្គការ សហគមន៍ នានា ជា ច្រើន រូប ផង ដែរ ។
ថ្លែង ក្នុង ពិធី នោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន លើក ឡើង ថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានធ្វើការពង្រឹងនូវវិសាលភាព សម្រិតសម្រាំងបន្ថែម និងធ្វើអាទិភាវូបនីយកម្មមុំនីមួយៗនៃចតុកោណទាំង៤ ព្រមទាំងកែលម្អរបៀបវារៈគោលនយោបាយ និងយន្តការអនុវត្តមួយចំនួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីកសាងមូលដ្ឋានគ្រឹះចាំបាច់ទាំងឡាយក្នុងចក្ខុវិស័យ ដោយប្រៃក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
ឯកឧត្ដម អភិបាលខេត្ត បាន បន្ត ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសបានដើតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់និងគាំទ្រដល់សេវាសង្គមទាំងនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅក្រុង ស្រុក ឃុំ សង្កាត់ក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធនិងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្តកំពង់ចាម។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក៏បានចូលរួមផងដែរ ក្នុងការតស៊ូមតិឱ្យមានកំណែទំរង់ជាតិ ដើម្បីលើកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខមាលភាពស្រ្តី និងកុមារ ។ ដោយឡែកក្នុងខេត្តកំពង់ចាមមុនការធ្វើស្ថិតិគឺមានចំនួន១១០ ក្នុងនោះសមាគមមានចំនួន២៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨៥ ក្រោយការចុះធ្វើស្ថិតិនៅក្នុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ឃើញថាចំនួននៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានទីស្នាក់ការប្រតិបត្តិការក្នុងខេត្តកំពង់ចាមមានចំនួន ៤៧ ក្នុងនោះសមាគមមានចំនួន១០ និងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន៣៧។
បច្ចុប្បន្ន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ រួមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្រមតាមច្បាប់ធរមាន ដោយគ្មានការហាមឃាត់ ឬរារាំង ហើយមិនតម្រូវឱ្យជូនដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច៣(បីថ្ងៃ)ទៅអាជ្ញាធរមូលដ្ឋានទៀតឡើយ ៕