ផ្លូវ គ្រួស ក្រហម៣ខ្សែ នឹងប្រែក្លាយ ទៅ ជា ផ្លូវកៅស៊ូ ក្នុង ពេល ឆាប់ៗ ក្រោម ការ យក ចិត្ត ទុកដាក់ ពី អាជ្ញាធរ ខេត្ត កំពង់ចាម

0

កំពង់ចាម : ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ថែមទៀត អាជ្ញាធរខេត្តកំពង់ចាម គ្រោងនឹងស្ថាបនា ផ្លូវ ចំនួន៣ខ្សែ ដែលមានប្រវែងសរុបប្រមាណជា ៤៥គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុក ចំនួន៣ នៃខេត្តកំពង់ចាម ។ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម អមំណើរដោយ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសិក្សាលទ្ធភាពផ្លូវ គ្រួស ក្រហម ចំនួន៣ខ្សែខាងលើ ដើម្បីឈានទៅស្ថាបនាជាផ្លូវកៅស៊ូប្រភេទDBSTទុកជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុង ពេល ឆាប់ៗ ខាងមុខនេះ ។
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវទាំង៣ខ្សែនេះ រួមមាន៖ ខ្សែទី១ តភ្ជាប់ពីចំណុច ឃុំសណ្តែក នៃស្រុកបាធាយ ដោយឆ្លងកាត់ ឃុំស្តើងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ នៃស្រុកជើងព្រៃ មានប្រវែង ២៣គីឡូម៉ែត្រ ។ ខ្សែទី២.តភ្ជាប់ ពីចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ឆ្ពោះទៅកាន់ឃុំបឹងណាយ ស្រុកព្រៃឈរ មានប្រវែង ៨,៥០គីឡូម៉ែត្រ ។ និងខ្សែទី៣ តភ្ជាប់ពីឃុំក្រូច ឆ្ពោះទៅកាន់ឃុំថ្មពូន និងឃុំគរ ស្រុកព្រៃឈរ មានប្រវែង ១៣គីឡូម៉ែត្រ ។
ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ការចុះពិនិត្យ និងសិក្សាលទ្ធភាព ផ្លូវទាំង ៣ខ្សែខាងលើនេះ គឺដើម្បី បានឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន ។ ពីព្រោះថា មកដល់ពេលនេះ ប្រជាពលរដ្ឋនៅទីជនបទ កាន់តែស៊ីវិល័យ លែងត្រូវការផ្លូវដី និងផ្លូវ គ្រួស ក្រហម ដូចពេលមុនៗទៀតហើយ ពោលគឺ ម្នាក់ៗ ចង់បានតែផ្លូវ ប្រភេទបេតុង និងក្រាលកៅស៊ូ ព្រោះវា មិនមានសភាពហុយ និងភក់ នៅពេលធ្វើដំណើរ ។ ដូច្នេះហើយ ក្នុងនាមអាជ្ញាធរ គឺត្រូវតែលើកគម្រោងឲ្យត្រូវតាមសេចក្តីអ្នកប្រើប្រាស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ តាមរយៈ ការខិតខំប្រឹងប្រែងកៀងគរថវិកា ដើម្បី កែលម្អផ្លូវ ពីផ្លូវដី ឬផ្លូវក្រាល គ្រួស ក្រហម ទៅជាផ្លូវបេតុង និងក្រាលកៅស៊ូវិញ ធ្វើយ៉ាងណា បានបំពេញតាមសេចក្ដីត្រូវការ របស់ពួកគាត់ផង និងសម្រាប់ប្រើប្រាស់បានយូរអង្វែងផង ។
ឯកឧត្ដមអភិបាល លើកឡើងដែរថា ទាក់ទងទៅនឹង ការស្ថាបនាផ្លូវនេះដែរ ថ្វីត្បិតតែ សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានតម្រូវការច្រើន ក៏ប៉ុន្តែ ថវិកាអភិវឌ្ឍវិញ នៅមានកម្រិត នៅឡើយ ។ អញ្ចឹងទេ សូមឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋានផ្សេងៗ ដែលមិនទាន់បានទទួលគម្រោង មានការយោគយល់អធ្យាស្រ័យ តែទោះជាយ៉ាងណា អាជ្ញាធរ និងអង្គភាព ជំនាញ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋាន នៅតែព្យាយាមខំប្រឹងប្រែង ក្នុងការលើកជាគម្រោងអភិវឌ្ឍផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្ដែង ពោលគឺ ស៊ូឲ្យបានយឺត វាប្រសើរជាង មិនទទួលបាន ។
សូមបញ្ជាក់ដែរថា តាមការសិក្សាលទ្ធភាព ផ្លូវទាំង ៣ខ្សែ ខាងលើ គឺគ្រោងនឹងត្រូវកែប្រែ ពីផ្លូវ ក្រាល គ្រួស ក្រហម ទៅជាកៅស៊ូប្រភេទ DBST ពីរជាន់ ។ គម្រោងនេះ ជាការកែលម្អផ្លូវជនបទជំហាន ៣ របស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា អេឌីបី (ADB) តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ ៕