បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខសុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

0

កំពង់ធំ៖ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ច ប្រជុំដើម្បីពង្រឹងនូវផែនការចូលរួមការពារសន្តិសុខ សុវត្ថិភាព ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ទាំងពេល​បោះឆ្នោត រហូតដឹកជញ្ជូនសន្លឹកឆ្នោតដោយសុវត្តិភាព និងការប្រកាសលទ្ធផលជាផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ក្រុង អាណត្តិទី៣ ឆ្នាំ២០១៩ ដែលចាប់ដំណើរការពីថ្ងៃទី១៧ ខែឧសភាតទៅ តាមកាលបរិច្ឆេទរបស់ គ.ជ.ប។កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលមានការចូលរួមក្នុងកិច្ចប្រជុំពីលោក-លោកស្រីក្នុងជួរថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្នាក់ដឹកនាំតាមស្ថាប័ន និងកងឯកភាពវរៈសេនាតូចផ្នែកសឹករងចំណុះ។លោក ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានផែនការ ការពារដំណើរការបោះឆ្នោត ដែលទទួលបានសច្ចាប័នពីលោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤  ដែលការផ្សព្វផ្សាយផែនការនេះ ជាការរំលឹកបន្ថែមនូវភាពភារកិច្ចរបស់ខ្លួនជាកងកម្លាំងនៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ឯកឧត្ដមឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់រំលឹកបន្ថែមដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន កងឯកភាពទាំងអស់ ត្រូវបង្កើនការអប់រំដល់យោធិនក្រោមឱវាទ ឲ្យពួកគេកាន់តែយល់ដឹង ក៏ដូចជាអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នូវក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខ បោះឆ្នោតក្នុងដំណើរការបោះឆ្នោត ដែលបានរៀបចំដោយ គ.ជ.ប ដើម្បីបង្ហាញកាន់តែច្បាស់និងស៊ីជម្រៅពីភាពចាស់ទុំ របស់យោធិនយើងសាកសមជា បុគ្គលនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងការចូលរួមធ្វើឲ្យប្រសើរនូវសិទ្ធិសេរីភាពរបស់គណបក្សនយោបាយដែលធ្វើសកម្មភាពស្របតាមច្បាប់ដើម្បីឃោសនារកសំឡេងគាំទ្រ តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ឯកឧត្ដមឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ ផ្ដោតលើផែនការ ជាសំខាន់ទៅលើការត្រៀមកម្លាំងនៅនឹងកន្លែង ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់លើ ក្នុងករណីចាំបាច់ណាមួយក្នុងការចូលរួមរក្សាសន្តិភាព ក្នុងដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានស្នើឲ្យយោធិនទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តបទបញ្ជាតាមការចង្អុលបង្ហាញរបស់ថ្នាក់លើ។  ដោយ ប៊ុន រដ្ឋា