ឯកឧត្ដម សុខ លូ មន្ត្រីកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់តម្លាភាព និងធ្វើការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

0

ខេត្តកំពង់ធំ៖ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា មន្ត្រីកាកបាទក្រហមដែលកំពុងបម្រើការងារ​នៅក្នុងសាខាកាកបាទក្រហមខេត្តកំពង់ធំទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវតម្លាភាព និងធ្វើការងារប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្ដល់នូវទំនុកចិត្តដល់សប្បុរសជនទាំងអស់ដែលខិតខំបរិច្ចាគធនធានផ្ទាល់ខ្លួនមកដល់សាខាកាកបាទក្រហមរបស់យើង ជាពិសេសឆ្លើយតបទៅនឹងទឹកចិត្តដ៏មហា​សប្បុរស ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពីសុខទុកបងប្អូនក្រីក្រជួបការលំបាក ឬរងគ្រោះដោយសារគ្រោះធម្មជាតិជាដើម។ ឯកឧត្តមបានបន្ថែម​ទៀតថា ដោយឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាសភាពគណៈកម្មា​ធិការសាខាអាណត្តិទី៤ មានការផ្លាស់ប្ដូរទទួលភារកិច្ចថ្មី ដូច្នេះយើងចាំបាច់ត្រូវជ្រើសរើសសមាសភាពថ្មីជំនួសនៅអាណត្តិទី៥នេះ។

នៅព្រឹកនេះដែរ កិច្ចប្រជុំក៏បានពិភាក្សា និងដំណើរការទៅតាមរបៀបវារៈរបស់ខ្លួនដែលមាន៖ ១/បូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩, ២/ត្រៀមសម្ពោធអគារសាខាកាកបាទក្រហមខេត្ត នៅចុងខែមិថុនាឆ្នាំ២០១៩, ៣/ត្រៀមការងារសន្និបាតរបស់សាខាកាកបាទក្រហម នៅចុងខែមិថុនាឆ្នាំ២០១៩ និង៤/បញ្ហាផ្សេងៗ៕