លួចរថយន្តពីរភ្នំពេញមកជាប់អន្ទាក់ប៉ូលីសខេត្តតាកែវ

ខេត្តតាកែវ ៖ ក្រោយពីទទួលបានព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អំពីករណីចោលួចរថយន្ត មួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY-7042 សេរី ២០០៤ ចេញពីរាជធានីភ្នំពេញ បើករត់មកតាមផ្លូវជាតិលេខ៤១ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ហើយបានចូលមកក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ឱ្យចេញល្បាតត្រួតពិនិត្យ ពួនស្ទាក់តាមគោលដៅខាន់ៗ រហូតដល់វេលាម៉ោង០៥និង២០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញបានប្រទះរថយន្តភិនភាគខាងលើ កម្លាំងជំនាញបានដេញនិងស្ទាក់ចាប់បាននៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ហុក រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួន(ជនសង្ស័យ)បានលួចរថយន្តខាងលើ ពីការ៉ាស់ ថែទាំរថយន្តយីហោ “មាតា” មានទីតាំងស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាកដមែន ដោយជនសង្ស័យជាបុគ្គលិកបម្រើការងារនៅការ៉ាស់នោះតែម្តង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។