​​អភិបាលខេត្ត​នឹង​ក្រុមប្រឹក្សា​ប្រគេន​ព្រះ​ទៀនវស្សា​

0

​សៀមរាប​៖​នៅ​រសៀល​ថ្ងៃទី​០៧ កក្កដា ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត និង លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ បាន​នាំយក​នូវ​ទៀន​ព្រះវស្សា និង គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ព្រះ​ឥ​ន្ធ​កិ​សី​យ៍ ក្នុង​ក្រុង​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោកជំទាវ​ជា​លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរ​ក្រុង និង​មន្ត្រីរាជការ ផងដែរ ។​ ​

ក្នុងនាម​អាជ្ញាធរខេត្ត​សៀមរាប​លោក ឃឹម ប៊ុន​សុង ក៏បាន​ពាំនាំ​មក​នូវ ប្រសាសន៍​ផ្តាំផ្ញើ របស់​សម្តេច​អគ្គ​មហា​ទាំងបី សម្ខាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បានធ្វើ ការ​ថ្លែង​នូវ​អំណរគុណ​នាពេល​កន្លងមកនេះ ទាំង​ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ទូទាំង ដែល​បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​បេសកកម្ម​ដឹកនាំ​ប្រទេស ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ។ ​

លោក​បាន​គូសបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈ មកនេះ ទាំង​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក៏​ដូច​កម្លាំង​សមត្ថកិច្ច បាន​មមាញឹក​ក្នុងការ​ទទួល​នូវ​បងប្អូន​ប្រជា​ពលករ ដែល​រាជរដ្ឋាភិបាល​ទាហាន​ថៃ បាន​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា ទាំង​ពលករ​ស្របច្បាប់ និង មិន​ស្របច្បាប់ ។ ម្យ៉ាងទៀត​អាជ្ញាធរខេត្ត ក៏បាន​កំពុង​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​ធ្វើ​បែបបទ លិខិតស្នាម​ជូន​ដល់​ប្រជា​ពលករ ដែលមាន​បំណង​ទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​ផងដែរ ។ ​

លោក ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ផងដែរ សម្រាប់​ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ អំពី​ទីវ​ត្ត​អារាម គឺ​មិន​ត្រឹមតែ​បម្រើ​វិស័យ​សាសនា ជាទី​សក្ការៈបូជា​របស់​បងប្អូន​ពុទ្ធបរិស័ទ​ប៉ុណ្ណោះ​ទេ គឺជា​ទីកន្លែង ដែល​ប្រមូលផ្តុំ​នូវ​វប្បធម៌ និង ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​ជង្រុក​នៃ​គ្រឹះ​អក្សរសាស្ត្រ​ជាតិ អ​រី​យ​ធម៌ វប្បធម៌ ខ្មែរ​យើង ។ ​លោក​ក៏បាន​បញ្ជាក់ថា នៅពេល​ខាងមុខនេះ​ព្រះសង្ឃ​នៅ​គ្រប់​ទី​វត្ត​អារាម​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា គោរព​ប្រពៃណី​សាសនាព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទីវ​ត្ត ទើប​ថ្ងៃនេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ ស្ថាប័ន មន្ត្រីរដ្ឋបាល​សាលាខេត្ត និង ក្រុង ដង្ហែរ​យកមក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ព្រះ​ឥ​ន្ធ​កោ​សី​យ៍ ដើម្បី​ព្រះសង្ឃ​យកទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង សិក្សា​រៀនសូត្រ​នូវ គម្ពី​ធម៌​វិន័យ ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។

ក្នុងឱកាស​នោះ​លោក ឃឹម ប៊ុន​សុង លោក នូ ផល្លា និង​លោកជំទាវ លោក លោកស្រី ក៏បាន​ប្រារព្វ​ធ្វើ​ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​នៃ​យើង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន សាច​សា​លោក​ហិត កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី មរណៈ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក​ខាងមុខ​ផងដែរ ។​ ​

សម្ភារៈ​បរិក្ខា​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នាឱកាស​នោះ មាន​ទៀនវស្សា​០១​គូ ស្លា​ដក ១ អង្ករ ២០០​គ​ក្រ មី ១៥​កេស ទឹក​សុទ្ធ ១៥​យូរ ត្រីខ ៤​ឡូ​ត៌ ទឹកត្រី ៦​យូរ ទឹកស៊ីអ៊ីវ ៥​យូរ អំបិល​៨​គ​ក្រ មី​ចេង ៣​គ​ក្រ ប្រេង​ម៉ា​ស៊ុត ៣០​លីត្រ សៀវភៅ ១០០​ក្បាល និង បច្ច័យ​១​លាន​រៀល ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​ពេល​ចូល​ព្រះវស្សា ក្នុង​រយៈ ពេល​អស់​មួយ​ត្រីមាស នៅក្នុង​ទីវ​ត្ត​អារាម ៕DSC_1083