ចំពោះមាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវយកចិត្តទុកដាក់​ ជំរុញ និងដាស់តឿនកូន-ចៅ ឲ្យ​ខិតខំរៀនសូត្រ ទាំង​ក្នុង​ និងក្រៅសាលា​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អំពាវនាវ​សូម​ឲ្យ​មាតាបិតា ឬអាណាព្យាបាល​សិស្ស​ ត្រូវយកចិត្តទុកដាក់ជំរុញ​ និងដាស់តឿនកូន-ចៅ ឲ្យ​ខិតខំរៀនសូត្រ ទាំងក្នុងសាលា និងក្រៅសាលា​ឲ្យ​បានគ្រប់ពេលវេលា។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អភិបាលខេត្ត​ បាន​អញ្ជើញ​ចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់សិស្សពូកែ​ កីឡាករមានស្នាដៃល្អក្នុងការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៩ និងកីឡាករតេក្វាន់ដូ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ការ​កោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែល​មានគំនិតផ្តួចផ្តើមរៀបចំធ្វើពិធីនេះឡើង ដើម្បីអបអរសាទរ និងលើកទឹកចិត្តចំពោះប្អូនៗជាសិស្សានុសិស្ស ដែលយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របានពូកែ និងខិតខំប្រឹងប្រែងបញ្ចេញនូវទេពកោសល្យ និងបច្ចេកទេស​រហូតដណ្តើមបានជ័យលាភី និងមេដាយ ជូនដល់សាលា មន្ទីរ​អប់រំ​ ក៏ដូចជា​ខេត្តកំពង់ចាមទាំងមូលផងដែរ។ នេះក៏ជាសារមួយសម្រាប់ដាស់តឿនដល់ស្មារតីប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ ឲ្យ​មានការភ្ញាក់រឮកខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយយកគម្រូតាមបងៗជំនាន់មុន។
ឯកឧត្ដម​អភិបាលខេត្ត​ បាន​ថ្លែង​បន្ត​ថា​ ក្នុងអាណត្តិទី៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា
ចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ហើយក្រសួងអប់រំ យុវជន និងកីឡាក៏បានប្តេជ្ញាចិត្តធ្វើ​ឲ្យ​បានសម្រេចនូវមុំទី១ ស្តីពីការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយផ្តល់​អាទិភាព​លេីការយកចិត្តដាក់លើគ្របង្រៀន​ ការពង្រីកវិសាលភាពសាលាគ្រប់កម្រិត​ ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន​ ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ​ ការអប់រំបំណិន​ឲ្យ​ស្របតាមទីផ្សារការងារ​ ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និងការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣​ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។
ឯកឧត្តម​អភិបាល​ខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ ចំពោះមាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនកូន-ចៅ ឲ្យ​ខិតខំរៀនសូត្រ ទាំងក្នុងសាលា និងក្រៅសាលា​ឲ្យ​បាន​គ្រប់ពេលវេលា​ ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំលើផ្នែកសីលធម៌រស់នៅប្រចាំថ្ងៃ ដើម្បីកុំ​ឲ្យ​ពួកគេក្លាយទៅជាក្មេងទំនើង ដែលដើរមិនចូលផ្ទះ ឬមិនចូលសាលា។​ ជាពិសេស​ត្រូវអប់រំ និងតាមដានកូន-ចៅជាប្រចាំ កុំ​ឲ្យ​ពួកគេធ្លាក់ខ្លួនទៅប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន​ និងអំពើអនាចារផ្សេងៗ​ ជាមួយ​គ្នា​នោះ​ត្រូវ​គោរពច្បាប់ចរាចរណ៍ផ្លូវគោក បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើជិះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់គ្រប់ពេលធ្វើដំណើរផងដែរ​ ។
លោកលី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ ​ ផ្នែកប្រឡងសិស្សពូកែ ជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ សម័យប្រឡង ២២ មេសា ២០១៩ នៅខេត្តសៀមរាប លទ្ធផលទទួលបាន ថ្នាក់ទី៩ (ផ្នែកគណិតវិទ្យា) យុវសិស្ស ស៊ុន គឹមស្រល នៅវិទ្យាល័យ ន.រណឬទ្ធិ-គន្ធបុប្ផា​ ស្រុកព្រៃឈរ ជាប់ចំណាត់លេខ ៤។​ និង​ថ្នាក់ទី១២ (ផ្នែកគណិតវិទ្យា) យុវសិស្ស សាន គឹមស័ង នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ ជាប់ចំណាត់លេខ ១។
ដោយ​ឡែក​ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ផ្នែកកីឡាវាយកូនឃ្លី​ កីឡាតេក្វាន់ដូ WT, កីឡាការ៉ាតេ និងកីឡាវាយសី​ នៅរាជធានីភ្នំពេញ លទ្ធផលទទួលបាន​មេដាយមាស ចំនួន០៤គ្រឿង​ មេដាយប្រាក់​ ចំនួន០៦គ្រឿង និងមេដាយសំរឹទ្ឋ ចំនួន ១៦គ្រឿង សរុបចំនួន ២៦គ្រឿង ផ្នែកកីឡាវាយកូនខ្លី​ កីឡាតេក្វាន់ដូ WT, កីឡាការ៉ាតេ និងកីឡាវាយសី​ ផងដែរ​ ៕