អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ

0

កោះកុង ៖ អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ឃើញថានាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញហើយ បន្ទាប់ពីរូបគាត់បានសម្រាក និងទទួលការព្យាបាលអស់រយះពេលជាច្រើនថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបានធ្វើតេសលើសំណាកជាលើកទី៣ឃើញថាទទួលបានលទ្ធផលអវិជ្ជមាន ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្តកោះកុង ក៏បានដឹកនាំក្រុមការងារចុះមកសួរសុខទុកអ្នកជំងឺវ័យ៥៧ឆាំ្ន ដែលបានចេញពីមន្ទីរពេទ្យនាពេលនេះផងដែរ ។

ស្របពេលដែលអ្នកជំងឺវ័យ៥៧ឆ្នាំខាងលើ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញនោះ លោកក៏បានថ្លែងកោតសរសើរពីការយកចិត្តទុកដាក់លះបង់ទាំងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះរូបលោក និងសូមផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩នេះ មេត្តាមកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ កុំមានការលាក់លៀម ឬ ភ័យខ្លាចថាមានការប្រកាន់ជាតិសាសន៍អ្វីនោះ ហើយការមកកាន់មន្ទីរពេទ្យដើម្បីទទួលសេវាព្យាបាលបានទាន់ពេលវេលាវាជារឿងល្អដូចរូបលោកជាដើម និងមិនមានការចម្លងទៅកាន់មិត្តភ័ក្រ ឬក្រុមគ្រួសារយើងថែមទៀតផង ពិសេសសូមផ្តំាផ្ញើរទៅកាន់បងប្អូនដែលមានផ្ទុកវីរុសកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនានា មេត្តាកុំមានចិត្តចង់រត់ចេញពីការព្យាបាលអោយសោះ ។

ចំពោះលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យថាខ្លួនមានអាការៈមិនស្រួលដូចជាក្តៅខ្លួនខ្លាំង ក្អក ផ្តាសសាយ ថប់ដង្ហើម ចុករោយសាច់ដុំ មេត្តាទំនាក់ទំនងមកកាន់មន្ត្រីសុខាភិបាលដើម្បីធ្វើការពិនិត្យ ព្រោះការព្យាបាលមិនមែនជាការពិបាកនោះទេ អ្វីដែលពិបាកគឺការទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលទៅវិញនោះទេ ។

លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការតក់ស្លុតពីជំងឺកូវីដ១៩ជ្រុលពេក ដោយយើងត្រូវរួបរូមគ្នាការពារនិងទប់ស្កាត់នូវការរីករាលដាល ដោយតម្រូវអោយបងប្អូនធ្វើអនាម័យខ្លួនបា្រណអោយបានត្រឹមត្រូវទៅតាមគោលការណ៍ទាំង៦ដែលក្រសួងសុខាភិបាលបានណែនាំ និងបង្ការកុំអោយអ្នកមានជំងឺឆ្លងទៅកាន់អ្នកដទៃ ដោយត្រូវពាក់ម៉ាស់ និងមិនត្រូវចេញពីផ្ទះ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តកោះកុង បានរកឃើញអ្នកផ្ទុកវិរុសកូវីដ១៩ចំនួន២នាក់ ម្នាក់វ័យ៥៧ឆ្នាំ(ជាសះស្បើយ) ដែលបានមកពីពិធីសាសនានៅឯប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតវ័យ៣៦ឆ្នាំ ជាអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវ័យ៥៧ឆ្នាំ ហើយសម្រាប់សុខភាពគាត់វិញគឺមានអាការៈធម្មតានោះទេ ៕