សមត្ថកិច្ចខេត្តបាត់ដំបងមិនទាន់ចាប់ខ្លួនមន្រ្តីយោធាម្ចាស់ក្លឹបស្នូកឃ័របង្កប់ល្បែងស៊ីសងបាញ់ប្អូនថ្លៃបាក់ជើងបាននៅឡើយ

0

បាត់ដំបង៖ ថៅកែក្លឹbស្នូកឃ័របង្កប់ល្បែងស៊ីសងនិងជាមន្រ្តីយោធា ដែលបានបាញ់ប្អូនថ្លៃបាក់ជើង ដោយសារទំនាស់ក្នងរឿងផឹកស៊ីកាលពីម៉ោង៨យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅក្នុងក្រុងបាត់ដំបង សមត្ថកិច្ចខេត្តបាត់ដំបងមិនទាន់ចាប់ខ្លួនបាននៅឡើយ បើទោះជា សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនល្មើសហើយក៏ដោយ។តាមសេចក្តីរាយការណ៍ពីខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចមិនត្រឹមតែមិនទាន់ចាប់ខ្លួនមន្រ្តីយោធា ដែលជនល្មើសដែលបានបាញ់ប្អូនថ្លៃបាក់ជើងនោះទេ ថែមទាំង ហាក់បីជា ព្រងើយកន្តើយក្នុងការស៊ើបអង្កេតថែមទៀតផង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កដែលបាញ់ប្អូនថ្លៃបាក់ជើងមានឈ្មោះ ទៀង វិសាល ភេទប្រុស អាយុ35ឆ្នាំរស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានប្រើប្រាស់អាវុធ មិនដឹងម៉ាក និងចំនួនគ្រាប់ មុខរបរយោធា បានបាញ់ទៅលើជនរងគ្រោះឈ្មោះគារ គឹម សេង ភេទប្រុស អាយុ28ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅភូមិឃុំជាមួយគ្នា ចំនួន០១គ្រាប់ បណ្តាលឲ្យរបួសចំជើងកំពុងព្យាបាលនៅគ្លីនិកសុវណ្ណ។

តាមរបាយការណ៍បានឲ្យដឹងទៀតថា មានករណីហិង្សាដោយចេតនាផ្ទុះអាវុធ បង្កដោយឈ្មោះទៀង វិសាលជាបងថ្លៃនិងប្អូនថ្លៃនៅចំណុចភូមិអូតាគាំ2 សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មូលហេតុជនសង្ស័យស្រវឹងស្រាហើយធ្លាប់មានទំនាស់គ្នាកន្លងមក ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។
តាមរបាយករណ៍បានលើកឡើងថា ករណីនេះសមត្ថកិច្ចកំពុងពិនិត្យកន្លែងកើតហេតុនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីសុំដីការស្វែងរកចាប់ខ្លួន ។ ប៉ុន្តែ តាមជាក់ស្តែង គឺសមត្ថកិច្ចមិនបានចូលពិនិត្យទីតាំងដែលកើតបទល្មើសនោះទេ ដោយគ្រាន់តែព័ទ្ធខ្សែបានមួយចម្អិកំពិស ក៏ដកថយវិញអស់ តាមបញ្ជារថ្នាក់លើ។
ទាក់ទងករណីនេះ គេហទំព័រ មេគង្គញូស៍ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ចជំនាញខេត្តបាត់ដំបងបាននៅឡើយទេនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ៕