បង្រ្កាបសង្វៀនជល់មាន់ឃាត់ខ្លួនជនប្រព្រិត្តរួមទាំងវត្ថុតាង និងសម្ភារៈ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការចុះបង្រ្កាបសង្វៀនជល់សត្វមាន់ភ្នាល់លុយដ៍ធំមួយកន្លែង ឃាត់ខ្លួនជនប្រព្រិត្តចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈមួយចំនួន ដើម្បីនាំយកទៅបន្តនីតិវិធី ។ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំគួរសម ប្រើប្រាស់កម្លាំងរហូតដល់ទៅជាងម្ភៃនាក់ខាងលើ ធ្វើឡើងនៅម៉ោង១១ និង០០នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចអាងទឹកមួយកន្លែង ស្ថិតក្នុងភូមិកំពង់ឡត៍ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ កិច្ចប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ភ្នាល់លុយខាងលើ កម្លាំងឃាត់ខ្លួនមុខសញ្ញាញៀនល្បែងនេះចំនួន ៤នាក់ ទី១ ឈ្មោះ លាស់ ឯល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ទី២ ឈ្មោះ ឯល យ៉ាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ទី៣ ឈ្មោះ ទេព ធុម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ រស់នៅភូមិស្ទឹង ឃុំ.ស្រុកកណ្ដៀង និងទី៤ ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។របាយការណ៍នគរបាលខាងលើបន្តថា ក្រៅពីមុខសញ្ញាញៀនល្បែងទាំងចំនួន ៤នាក់ខាងលើ កម្លាំងចាប់.ដកហូត.ដើម្បីបន្តនីតិវិធី និងដុតកម្ទេចវត្ថុតាង សត្វមាន់គកចំនួន ៤ក្បាល ម៉ូតូម៉ាក គុប ចំនួន ០១គ្រឿង ម៉ាក សង់កូរ៉េចំនួន ០២គ្រឿង ម៉ាក វ៉េវអាល់ហ្វា ចំនួន ០៥គ្រឿង និងម៉ាក ហុងដាឌ្រីម ចំនួន ០៦គ្រឿង សរុបចំនួន(១៤គ្រឿង) ស្បែកជើងចំនួន ១៦គូរ តង់ពណ៏ខៀវចំនួន ០៣ ឆ្នាំងដាំទឹកចំនួន ០១ ប៊ីដុងដាក់ទឹកចំនួន ០២ កំសៀវទឹកចំនួន ០១ ធុងទឹកកកចំនួន ០១ ទូរសព្ទដៃចំនួន ០៥គ្រឿង ។របាយការណ៍ដដែលបន្តទៀតថា ឧបករណ៍រួមផ្សំ និងសម្ភារៈសង្វៀនជល់មាន់ភ្នាល់លុយដុតបំផ្លាញ ចំពោះជនប្រព្រិត្តល្បែងសុីសង និងសម្ភារៈមួយចំនួននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕