អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លង​កាត់​ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ​ ដែល​សម្រេច​បាន​ប្រមាណ​ជា​ ៧៥%​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ដែលមានបណ្តោយប្រវែង១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែល​បច្ចុប្បន្នសម្រេចបាន​ប្រមាណ​ជា​ ៧៥% ហេីយនោះ​។

គួររំលឹកផងដែរថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោមអធិបតី​ភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពាន​នេះ ឆ្លងកាត់​ទន្លេ​មេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវ​តភ្ជាប់​សង​ខាង ស្ពាន។

ស្ពាននេះ​មាន​ប្រវែង​សរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ គម្រោង​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូវវ៉ានអាន។ តាម​គ្រោងការ​ស្ថាបនា​នេះ នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលគ្រោង​បញ្ចប់​ការសាងសង់​នៅដើមឆ្នាំ២០២១​ខាងមុខ។
គួរកត់​សម្គាល់​ផងដែរ​ថា កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនៅ​ត្រើយ​ខាងកើត និងត្រើយ​ខាងលិច អាច​ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​បាន​តាម​រយៈ​ការ​ជិះ​ទូកដ ឬសាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល​ពួកគាត់តែង​តែជួប​នូវការ​លំបាក គ្រោះថ្នាក់ និង​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ៕