មានភ្ញៀវទេសចរណ៍ចំនួនបួននាក់បានដើរលេងកម្សាន្តនៅក្នុងព្រៃវង្វេងផ្លូវអស់រយៈពេលចំនួន៩ម៉ោងទើបអាជ្ញាធរនិងសមត្ថកិច្ចរុករកឃើញ

0

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២០នេះ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា:កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០មានភ្ញៀវទេសចរណ៍ចំនួន៦នាក់ ជិះរថយន្តមួយគ្រឿង បានទៅ លេងកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ខាងលើនេះ។
ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង៦នាក់ មាន៤នាក់ក្នុងនោះមានស្រីម្នាក់ផងដែរបាននាំគ្នាដើរឡើងទៅលើកំពូលភ្នំ ជាកន្លែងទឹកធ្លាក់ ដែលគេហៅថាចំណុច (ស្រែទាក) ដោយពួកគេបានឡើងតាំងពីម៉ោង ២សៀល រហូតដល់ម៉ោង ៨យប់ នៅតែមិនឃើញត្រឡប់មកវិញទើបអ្នកដែលរង់ចាំនៅខាងក្រោម២នាក់មានការជ្រួលច្របល់ក៏បានទូរស័ព្ទទៅសមត្ថកិច្ចដើម្បីឲ្យមកជួយរុករក។
លោកបានបន្តឲ្យដឹងទៀតថា:បន្ទាប់ពីដំណឹងនេះបានឮដល់លោកអភិបាល ខេត្ត លោកក៏បានបញ្ជារកងកម្លាំងរួម មានអាជ្ញាធរស្រុក អធិការស្រុក មន្ត្រីទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ កម្លាំងបរិស្ថាន ដែលឈរ ជើងនៅតំបន់នោះ បាននាំគ្នាឡើងរុករកនៅតាមតំបន់ផ្សេងៗគ្នាការរុករកបានធ្វើឡើងរហូតដល់ម៉ោង១០និង៤៧នាទីយប់ទើបប្រទះឃើញទាំង៤នាក់នោះកំពុង តែនាំគ្នាដើរលេងនៅក្នុងព្រៃលើកំពូលភ្នំនោះ។
នៅពេលដែលកម្លាំងចម្រុះនាំពួកគេចុះត្រឡប់មកវិញ ពេលនោះពួកគេបានប្រាប់ថានៅទីនេះសប្បាយណាស់ពួកគេមិនចុះទៅវិញនោះទេថែមទាំងមានបំណងចង់គេចពីក្រុមសមត្ថកិច្ចចម្រុះទៀតផង តែត្រូវបានក្រុមរុករកឃាត់ជាប់ និងលួងលោមពួកគេឱ្យចុះមកវិញជាមួយឲ្យខាងតែបាន ទើបពួក គេបានសម្រេចចិត្តចុះមកជាមួយកម្លាំងដែលកំពុងរុករកនោះពេលមកដល់ខាងក្រោម នៅពេលដែលអាជ្ញាធរសួរនាំទៅអ្នកទាំង៤នាក់ ថាតើមូលហេតុអី្វ បានជាប្អូនៗមិនព្រមចុះពីលើកំពូលភ្នំនេះមក ពួកគេទាំង៤នាក់ក៏បានឆ្លើយដូចៗគ្នាថា នៅទីនោះសប្បាយណាស់ ពួកគេមិនចង់ចុះមកវិញទេ ចង់នៅលេងទីនោះជាបន្តទៀត ដោយសារតែពួកគេ មិនដែលជួបប្រទះកន្លែងណា ដែលសប្បាយដូចនៅទីនោះឡើយ។
សូមបញ្ជាក់ថា:នៅពេលដែលកម្លាំងចម្រុះកំពុងធ្វើការរុករកទាំង៤នាក់ខាងលើនេះ នៅក្នុងព្រៃភ្នំក៏មានលោកតាអាចារ្យម្នាក់ ដែលជាចាស់ព្រឹទ្ធាចារ្យនៅតំបន់នោះ ក៏បានទស្សន៍ទាយថាអ្នកទាំង៤ នាក់កំពុងតែដើរលេងសប្បាយនៅលើភ្នំ មិនមានគ្រោះថ្នាក់អ្វីឡើយ សូមអ្នកទាំងអស់គ្នាកុំបារម្ភអី ហើយនៅពេលដែលពួកគេទាំង៤នាក់ចុះមកដល់ខាងក្រោមវិញ លោកតាក៏បានប្រោះព្រហ្ម ដល់ពួកគេឱ្យមានសេចក្តីសុខសេចក្តីចម្រើនផងដែរ។
លោក សេង សាលី បានបញ្ជាក់បន្តថា:តំបន់ទេសចរណ៍និងរមណីយដ្ឋាននានាគ្រប់កន្លែង នៅក្នុងខេត្តកំពង់ឆ្នាំងមិនត្រូវបានក្រសួងទេសចរណ៍ ហាម ឃាត់ភ្ញៀវទេសចរណ៍មិនឱ្យចូលទស្សនាកម្សាន្តនោះឡើយ ក៏ប៉ុន្តែខាងក្រសួង ទេសចរណ៍ ក៏បានណែនាំដល់ភ្ញៀវ ជាតិ និងអន្តរជាតិ ដែលបានចូលទៅទស្សនាកំសាន្ត នៅតាមរមណីយដ្ឋានផ្សេងៗ សូមអោយអនុវត្តទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ជាពិសេសត្រូវដាក់អាល់កុលឬទឹកសាប៊ូ លាងដៃ ជាប់ ជាប្រចាំ នឹងត្រូវលាងដៃអោយបានញឹកញាប់ ឯ ការអង្គុយកម្សាន្ត ឬក៏អង្គុយទទួលទានអាហារផ្សេងៗ ត្រូវឲ្យមានគម្លាតពីគ្នាយ៉ាងតិចក៏២ម៉ែត្រផងដែរ៕