គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរុឺម៉កដឹកបន្លែបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង!

0

កណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនៅវេលាម៉ោង១៣ និង២០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នៅលើផ្លូវលេខ១១០ ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ចស្រុកកៀនស្វាយបានឲ្យដឹងថា ម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1X-3351 បើកបរដោយឈ្មោះ ពុក វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញទៅស្រុកស្អាងតាមផ្លូវលេខ១១០ ដោយមានល្បឿនលឿន។

ប្រភពដដែលបានបន្តថា លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរុឺម៉កដឹកបន្លែ០១គ្រឿងបើកបរដោយឈ្មោះ ឌឿន ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលដឹកបន្លែឲ្យគេ មានទីលំនៅភូមិលេខ៤ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបើកបរទិសដៅពីស្រុកស្អាងទៅភ្នំពេញ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររុឺម៉កបានរត់គេចខ្លួន។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថាករណីនេះបណ្តាលមកពី អ្នកបើកម៉ូតូឈ្មោះ ពុក វ៉ា ភេទប្រុសបើកបរម៉ូតូមានល្បឿនលឿនហួសកំរិតមិនបានមើលពីស្ថានភាពគ្រោះថ្នាក់ខាងមុខ។ អ្នកបើកបររុឺម៉កដឹកបន្លែឈ្មោះ ឌឿន ដា ភេទប្រុស បត់ចង្កូតឆ្លងផ្លូវបំរ៉ុងចូលចាក់សាំងមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកបត់ឆ្លងចូលចំណែកផ្លូវនៃយានយន្តមកពីទិសដៅផ្ទុយ។

គួរជម្រាបថាចំពោះម៉ូតូរងការខូចធ្ងន់០១គ្រឿង និងរុឺម៉កខូចស្រាល០១គ្រឿងបញ្ជូនទៅរក្សាទុកនៅផ្នែកចរាចរណ៍ស្រុកកៀនស្វាយដើម្បីរក្សាទុកជាវត្ថុតាង៕