សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងប្រជុំផ្ទៃក្នុងលើកទី២

0

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំលើកទី២ ដោយមានការចូលរួមពី លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា ព្រមទាំងលោកចៅក្រម លោកព្រះរាជអាជ្ញារង លោកលោកស្រីក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋាន ដើម្បីកំណត់ពេល និងគោលដៅច្បាស់លាស់ រួមគ្នាដោះស្រាយបញ្ហាកកស្ទះ សំណុំរឿង និងពន្លឿនសេវាយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ។ ពិធីនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០។

កិច្ចប្រជុំផ្ទៃក្នុងលើកទី២នេះ ស្ថិតក្រោមអធិបតីភាព លោក តេង រតនា ប្រធានសាលាដំបូង ខេត្តកំពង់ឆ្នាំង និងលោក អ៉ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា គោលដៅកិច្ចប្រជុំជារួមដើម្បីផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងយុត្តិធម៌ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី បានប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការរាជធានីខេត្ត។ ក្នុងនោះផងដែលលោកព្រះរាជអាជ្ញា អ៉ិត សុធា បានសង្កត់ធ្ងន់ថា នាពេលវេលានេះមានតែការចូលរួមរបស់បងប្អូនយើងទេ ទើបយើងអាចរួមគ្នាដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនេះបានលឿនរហ័ស ជាពិសេសលោកព្រះរាជអាជ្ញាបានបញ្ជាក់ថា សូមចំណាត់ការរឿងអោយលឿនតែមិនត្រូវឆ្លៀតឪកាសត្រីងៀតឆ្លៀតពង រកផលប្រយោជន៍ពីសំណុំរឿងឡើយ។ លើសពីនេះទៅទៀតមិនត្រឹមតែដោះស្រាយការកកស្ទះសំណុំរឿងទេ យើងក៏អាចឈានដល់ការដោះស្រាយបញ្ហានៃការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ឋនាគារក៏នឹងមានភាពធូស្រាលជាងមុនដែរ។
លោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានណែនាំ និងសំណូមពរដល់មន្រ្តីតុលាការទាំងអស់ អោយចូលរួមពង្រឹងការអនុវត្តច្បាប់ និងរក្សាសេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈនិងយុត្តិធម៌ រួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស លើការកកស្ទះសំណុំរឿង និងអនុវត្តអភិក្រមទាំង២ របស់ក្រសួងយុត្តិធម៌ ទី១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវស្របច្បាប់ បទដ្ឋាន គតិយុត្តជាធរមាន ក្រសួងដាក់ចេញសេចក្តីណែនាំផ្នែលផ្លូវច្បាប់ និងធានាការដល់ការអនុវត្តអភិក្រមនេះ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង។ ទី២ ត្រូវមានភាពយុត្តិធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដោយមិនឲ្យមានជាដាច់ខាត នូវស្ថានភាព ត្រីងៀតឆ្លៀតពង ក្នុងយុទ្ធនាការ។
មន្រ្តីតុលាការខេត្តកំពង់ឆ្ទាំងទាងអស់បានប្តេជ្ញាចិត្ត ចូលរួមក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងបំរើសេវាកម្មយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការ បើកកិច្ចប្រជុំរបស់សាលាដំបូង អយ្យការសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាផងដែរ ។