គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សៀមរាប៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរា នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសា មកពីបីឃុំក្នុងស្រុកជីក្រែង ខេត្តសៀមរាប គឺឃុំកំពង់ក្តី ឃុំគោកឆ្លកក្រោម និងឃុំពង្រក្រោម នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណវត្តខ្នារធ្លុង ក្នុងឃុំគោកធ្លកក្រោម 

បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់កញ្ញា ទឺ យឺតហាន អនុប្រធានអនុសាខា ស្រុកជីក្រែងរួចមក មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ។

លោកជំទាវក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ  ។ ក្នុងនោះដែរលោកជំទាវ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជម្ងឺកូវីដ១៩  ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា  ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង និង អនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ 

ក្នុងនោះលោកជំទាវក៏ បានធ្វើការក្រើនរំលឹកដល់បងប្អូនសុំកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ផងដែរ ។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា  ដោយរដូវភ្លៀងធ្លាក់បានមកដល់ហើយ សូមបងប្អូនរួសរាន់លើការងារបង្កបង្កើនផលធ្វើស្រែចម្ការឲ្យទាន់រដូវ និង ដាំដុះដំណាំរួមផំ្ស ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ។ ដើមី្បលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ក្នុងនាមឯកឧត្តម ទៀ សីហា លោកជំទាវ និងក្រុមប្រតិភូក៏ បានធ្វើការប្រគេនបច្ច័យ ដើមី្បចូលរួមសាងសង់មហាកុដ្ឋិនៅក្នុងទីវត្តខ្នារធ្លុង ចំនួន១ពាន់២២០ដុល្លា និងប្រាក់ខ្មែរ៣១ម៉ឺនរៀល ព្រមទាំងបានប្រគេននូវគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការវត្តផងដែរ ៕