ប្រជាពលរដ្ឋងាយរងគ្រោះក្នុងក្រុងសៀមរាបចំនួន៧៥គ្រួសារទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប

0

សៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណ សាលាបឋមសិក្សាមុខនាគ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៧៥គ្រួសារ មកពីសង្កាត់ទាំង១២នៅក្នុងក្រុងសៀមរាប។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ប្រធានកិត្ដិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ។

ឯកឧត្តមអ្នកឧកញ៉ា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងនេះគឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនងាយរងគ្រោះតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ហើយអំណោយមនុស្សធម៌ទាំងនេះអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែរ នេះបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំយើង ពិសេសកាកបាទក្រហមកម្ពុជា សមពាក្យស្លោកយើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
អ្នកឧកញ៉ាបណ្ឌិតក៏បានលើកឡើងថា រដូវនេះមានភ្លៀងធ្លាក់ ត្រូវចុះប្រុងប្រយ័ត្នចំពោះសុខភាព ព្រោះមូលខ្លានឹងកើតឡើងច្រើន វាខាំបងប្អូនអាចបណ្ដលឱ្យកើតជំងឺគ្រុមឈាម ជាងនេះក៏ត្រូវរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុផងដែរ។
ជាបន្ថែម អ្នកឧកញ៉ាបណ្ឌិត ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។ អនុវត្តន៍ជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។
ទន្ទឹមនេះដែរ អ្នកឧកញ៉ាបណ្ឌិត បានអំពាវនាវឱ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងអ្នកដទៃ ឈានទៅរកការកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្ដាលឱ្យស្លាប់ ឬមានពិការភាពជាដើម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ជាមួយគ្នានេះដែរ ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប ក៏បានប្រទានបន្ថែមក្នុង១គ្រសារ ចាក់ស្រាក់១ និងថវិកា ១ម៉ឺនរៀលផងដែរ៕