ដើមឈើប្រណីតនិងឈើផ្កាព្រៃចំនួន៤០០ដើមត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»

0

សៀមរាប៖ ដើមឈើប្រណីតមានធ្នង់ ក្រញូង បេង នាងនួន សុក្រំនិងឈើផ្ការំដួល ថ្កុលមាស សរុបចំនួន៤០០ដើម បានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»។
ពិធីដាំកូនឈើនេះផ្តួចផ្តើមដោយឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឯកឧត្តម ពៅ ពិសិទ្ធិ គណៈអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រី បុគ្គលិកតាមស្ថាប័ននីមួយៗ សរុប២៣៤នាក់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរចាប់ពីឆ្នាំ២០១៤ ជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង។ ឯកឧត្តម ក៏បាន បញ្ចាក់ថា មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ»។ ក្នុងនោះដែរ ជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១សែនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។
ឯកឧត្តម ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា គ្រប់គ្នាតែងមានគំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព។ សូមកុំឱ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ហើយនាំតែគ្នាបំផ្លាញ។
ក្នុងនាមជាអ្នកផ្តួចផ្តើមពិធីដាំដើមឈើ ឯកឧត្តម គី តិច បានថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរានិងគណៈអភិបាលខេត្តសៀមរាប រួមទាំងប្រជាពលរដ្ឋអនុញ្ញាតឱ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរតំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តឱ្យសាធារណជនស្រឡាញ់ ព្រមទាំងចូលរួមដាំដើមឈើទាំងតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន។
ឯកឧត្តម ក៏បានបញ្ចាក់ពីមូលហេតុនៃការរៀបចំពិធីនេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសមានសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សាសនាសុខុដុមរមនា ការការពារបេតិកភណ្ឌ និងបរិស្ថានបានល្អ៕