ដុតភ្នក់ភ្លើងគោធ្វេសប្រហែសបណ្តាលឲ្យឆេះរោងចិញ្ចឹមគោ អស់ទាំងស្រុង

0

សៀមរាប ៖សមត្ថកិច្ចបានឲ្យដឹងថា ដុតភ្នក់ភ្លើងធ្វេសប្រហែសបណ្តាលឲ្យមានអគ្គិភ័យបានឆាបឆេះរោងចិញ្ចឹមគោ មួយខ្នងទំហំ១២ម៉ែត្រគុណ២៥ម៉ែត្រនិងខូចខាត
ទ្រព្យសម្បត្តិអស់ទាំងស្រុង តែសត្វគោបានប្រឹងរើរួចទាំងអស់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។
នគរបាលមូលដ្ឋានបានឲ្យដឹងថា មានករណីអគ្គិភ័យ ឆេះរោង ផ្ទុកសម្ភារៈមួយខ្នងទំហំ១២ម៉ែត្រគុណ២៥ម៉ែត្រនិងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។ជនរងគ្រោះមានឈ្មោះហ៊ុម ប្រឹង ភេទប្រុស អាយុ៥៣ ឆ្នាំ មានទីលំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។
នគរបាលបន្តថា ដំណើររឿងនៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល ១៩ និង០០នាទី ជនរងគ្រោះបានដាក់ភ្នក់ភ្លើងគោ រួចក៏មកសម្រាកនៅឯផ្ទះរបស់គាត់មានចម្ងាយប្រហែល១៥០០ម៉ែត្រ ពីរោងគោរបស់គាត់ លុះដល់ម៉ោង
២០និង៣០ នាទី ក៏ស្រាប់តែមានប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះបានខលប្រាប់ ជនរងគ្រោះថារោងគោដែររបស់ខ្លួននៅខាងត្បូងភូមិជ្រាវត្រូវបានភ្លើងឆេះ ភ្លាមៗនោះជនរងគ្រោះបានទៅដល់កន្លែងកើតហេតុពិនិត្យមើលគឺពិតជាមានហេតុការណ៍ដូចដែលអ្នកភូមិបានរៀបរាប់មែនទើបជនរងគ្រោះបានទាក់ទងមកសមត្ថកិច្ចដើម្បីទាក់ទងរថយន្តពន្លត់អគ្គិភ័យចុះមកពន្លត់កន្លែងកើតហេតុ។

ការខូចខាតរួមមាន៖រោងគោធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១២ម៉ែត្រ គុណ ២៥ម៉ែត្រ,គោយន្តកន្រ្តៃចំនួន២ គ្រឿង,ទូកស្មាច់ប្រវែង៨ម៉ែត្រចំនួន១។ក្នុងករណីនេះប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង រថយន្តស្នងការខេត្តនិងអធិការក្រុង៕