សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការ គ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានីភ័យស្ថានីយ និងសារាចរ សុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ

0

សៀមរាប៖ ក្រសួង រ៉ែ និងថាមពល នៅព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២០ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ “ស្តីពីការ គ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានីភ័យស្ថានីយ និងសារាចរ សុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅខេត្តសៀមរាបដោយបានការចូលរួមពី ឯឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ ជូនមន្រ្តីរាជការ មន្ទីរអង្គ ភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាលទាំង១២ ក្រុង/ស្រុក ចំនួន៧៣នាក់ ឲ្យបានយល់ដឹង កាន់តែច្បាស់ និងទូលំទូលាយ លើវិស័យប្រេងកាតនៅកម្ពុជា។
លោក ពិន ប្រាកដ មានប្រសាសន៍ថា ខេត្តសៀមរាប មានស្ថានីយ សរុបចំនួន ៣៦២ ស្ថានីយ
ស្ថានីយប្រេងឥន្ធនៈចំនួន៣១៣ ស្ថានីយឧស្ម័នឥន្ធនៈចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈមានចំនួន៣៨ស្ថានីយ។ ក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មាន ហានិភ័យ ខ្ពស់គួរឲ្យព្រួយបារម្មណ៍ ចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង ហើយស្ថានីយខ្លះទៀត មានលក្ខណៈសមស្រប អាចទទួលយកបានការអនុញ្ញាតច្បាប់។ ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កន្លងមករដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះបញ្ឈប់សកម្មភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈចំនួន ១០ទីតាំងនៅក្នុងខេត្ត ដែលទទួលបានការកំណត់ហានិភ័យខ្ពស់ពីក្រសួងរ៉ែ និងថាមពល ជាលទ្ធផល ម្ចាស់ស្ថានីយទាំងនោះ បានគោរព និងអនុវត្តតាមការណែនាំរបស់ក្រុមការងារ។ បន្ថែមពីលើនេះ រដ្ឋបាលខេត្តសៀមរាប ស្នើសុំក្រុមការងារបច្ចេកទេសក្រសួងរ៉ែ និងថាមពល បន្តចុះវាយតម្លៃ និងកំណត់ហានិភ័យស្ថានីយប្រេង និងឧស្ម័នឥន្ធនៈបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។លោកថាសព្វ ថ្ងៃមន្ត្រី មន្ទីររ៉ែ និងថាមពលខេត្ត កំពុងមមាញឹក ចុះផ្សព្វផ្សាយ និងជំរុញដល់បង ប្អូនម្ចាស់ស្ថានីយទាំងអស់ឲ្យប្រញាប់ប្រញាល់ រៀបចំសំណុំ ឯកសារ ស្នើសុំច្បាប់ ពីក្រសួងរ៉ែ និងថាមពលតាមរយៈ មន្ទីររ៉ែ និងថាមពលខេត្តដើម្បីឲ្យស្របទៅតាមច្បាប់ដែលមានជាធរមាន។ លោក ពិន ប្រាកដ បន្តថា ដោយឃើញប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបរបស់ យើងមានការរីកចម្រើនលើគ្រប់វិស័យ តាមរយៈការសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្រោម ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសន៍ដឹកនាំដ៏ឆ្នើម ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ជាពិសេសទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ រក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តសៀមរាបទាំងមូល ហើយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងបន្តឆ្ពោះទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នាពេលអនាគត ។ ជាពិសេស រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្តាចម្បងបំផុតដើម្បីជំរុញ និង ពង្រឹង ខឿនសេដ្ឋកិច្ច ឲ្យកាន់តែរីកចម្រើនសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
សិក្ខាសាលានាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង វិស័យប្រេងកាតនៅកម្ពុជា ហើយខ្ញុំមានការជឿជាក់យ៉ាងមុតមំាថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗពីវិស័យប្រេងកាត រួមមាន ច្បាប់ស្តីពី ការគ្រប់ គ្រង ប្រេងកាត និងផលិតផលប្រេងកាត ការគ្រប់គ្រងហានិភ័យ នៃការធ្វើអាជីវកម្មលើស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ បែបបទនិងនីតិវិធីនៃការដាក់ពាក្យស្នើសុំ សារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ ប្រេងនិងឧស្ម័នឥន្ធនៈ និងប្រកាស ស្តីពីនីតិ វិធី នៃ ការ គ្រប់ គ្រង បច្ចេក ទេសសុវត្ថិភាព ស្ថានីយ ប្រេង និង ឧស្ម័ន ឥន្ធនៈ ដើម្បីជាការចូលរួមចំណែកក្នុងការអនុវត្តច្បាប់ និងការពារបាន នូវសុខ សុវត្ថិភាព លើ អាជីវកម្មរបស់ខ្លួន ក៏ដូចជាសាធារណៈជនទូទៅ។ គោលបំណងចំបងទី២គឺ ពង្រឹងសមត្ថភាព មន្ត្រី ជំនាញបច្ចេកទេស មន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទី ភារកិច្ច និងនីតិវិធី នានា ដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក៏ដូចជាការ ចុះត្រួតពិនិត្យ និង ធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាម ច្បាប់និង លិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធនានាជាធរមាន ។ លើសពីនេះទៀត ខ្ញុំក៏សង្ឃឹមដែរថា សិក្ខាកាម ទាំងអស់ដែល អញ្ចើញ ចូលរួមនិងយកចិត្តទុកដាក់ស្តាប់ កត់ត្រា សួរដេញដោលជាមួយវាគ្មិន ផ្ទាល់ ដើម្បីជាប្រយោជន៍ យក ទៅ អនុវត្តការងារនាថ្ងៃខាងមុខឱ្យមានប្រសិទ្ធភាព។

ឯឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាក់ស្តែងក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើការអនុវត្តសកម្មភាពជាអាទិភាពសំខាន់ៗ រួមមាន ការបន្តកសាងនិងពង្រីកសមត្ថភាពស្ថាប័ន ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច និងការគ្រប់គ្រងប្រតិបត្តិការ ប្រេងកាត ដោយសង្កត់លើការរៀបចំគោលនយោបាយ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ និងការបង្កើនប្រសិទ្ធិ ភាពការងារតាមរយៈ រៀបចំឡើងវិញផ្នែកស្ថាប័នកិច្ច ការបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្ត្រីរាជការ រួម ទាំងការរឹតបន្ដឹងការត្រួតពិនិត្យនិងប្រសិទ្ធភាពនៃការអនុវត្តកាតព្វកិច្ចកិច្ចព្រមព្រៀងប្រេងកាត អាជ្ញាបណ្ណ លិខិត អនុញ្ញាតផ្សេងៗនិងការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យប្រេង៕