ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ពីរបាយការណ៍ប្រចាំខែ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ឆ្នាំ២០២០

0

(កំពង់ធំ)÷ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាកមនដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី នាព្រឹកថ្ងៃពុធ ០៧រោច ខែ ភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នៅសាលាខេត្តកំពង់ធំ។
ថ្លែងក្នុងកម្មវិធីនេះឯកឧត្តមឈុន ឈន់ ក៏បានលើកយក របៀបវារៈក្នុងកិច្ចប្រជុំមាន÷
១. ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ សីហាឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣.ពិនិត្យ និងអនុម័ត សេចក្តីសម្រេចស្ដីពីដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
៤. បញ្ហាផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងពីការ កែអក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តដើម្បីឲ្យមានលក្ខណៈល្អប្រសើរឡើង។ រៀបចំធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលទទួលបានពីថ្នាក់ជាតិ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីស្ដាប់ឱ្យបានពីបញ្ហាលំបាក និងសំណូមពររបស់ពួកគាត់ ជាពិសេសបានចុះសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាចំនួន ៣០លើ។ ឯកឧត្តមឈុន ឈន់ក៏បានមានប្រសាសន៍ ពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន បទល្មើសផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយវិធានការស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមភូមិឃុំ/សង្កាត់តាមរយៈ ទូរទស្សន៍ ផ្ទាំងផ្សព្វផ្សាយ និងតាមខិតបណ្ណ ដោយប្រើរថយន្ត ម៉ូតូ រឺម៉ក កង់ កាណូត មេក្រូគោយន្តកន្ត្រៃ ដែលបានអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន៧.៤៣៧នាក់។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានលើកឡើងពីការ ប្រើប្រាស់ទឹកស្អាតដើម្បីឲ្យមានអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ពិសេសនៅក្រុងស្ទឹងសែនយើងទាំងមូល។ ត្រូវអនុវត្តវិធានសុវត្ថិភាពអនាម័យ ម្ហូបអាហារ ក្នុងវិស័យទេសចរណ៍ការរៀបចំកន្លែងលក់ដូរឲ្យមានអនាម័យ និងបដិសណ្ឋាកិច្ចភ្ញៀវដល់អាជីវករលក់ដូរតាមដងផ្លូវ ។ ឯកឧត្តមក៏បានចូលរួមផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកប្រកបដោយសុវត្ថិភាពស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសអប់រំដល់មន្ត្រីដែលត្រូវអនុវត្តច្បាប់ឲ្យគោរពតាមគោលកាណ៍ចរាចរណ៍ផ្លូវគោកលេខ៣៩ របស់ក្រសួងមហាផ្ទៃ។ សម្រាប់ការចូលរៀនរបស់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅតាមសាលាត្រូវយកចិត្តទុកដាក់បំផុតចំពោះសិស្សានុសិស្ស ត្រៀមទឹកអាកុល ជែល កន្លែងសម្រាប់លាងដៃរៀបចំឱ្យបានត្រឹមត្រូវ សិស្សអង្គុយរៀនត្រូវឱ្យមានគម្លាតពីគ្នា ក្នុងការការពារជំងឺកូវីដ-១៩។