ទីប្រឹក្សាក្រសួងធម្មការ អំពាវនាវដល់ប្រជាពលរដ្ឋសូមចែករំលែកក្តីស្រឡាញ់ឲ្យបានច្រើនដើម្បីរស់នៅមានសន្តិភាព គ្រួសារ និងសង្គមជាតិ

0

កំពង់ធំ៖ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការនិងសាសនានិងជានាយកសមាគមបេសកកម្មដំណឹងល្អសហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត(BemaRealEstateco.Lt)បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចែករំលែកក្តីស្រឡាញ់ឲ្យបានច្រើនដើម្បីរស់នៅមានសន្តិភាព គ្រួសារ និងសង្គមជាតិ។
ការអំពាវនាវបែបនេះរបស់ឯកឧត្តម ខាន់ ខុន នៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ៥៦០ គ្រួសារ ស្មើនិងចំនួន៦ឃុំសង្កាត់ ក្នុងខេត្តកំពង់ធំ ក្នុងបេសកកម្មរយៈពេលបីថ្ងៃគឺថ្ងៃទី២៧ .២៨និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
ឯកឧត្តម ខាន់ ខុន បានបន្តថា សមាគមបេសកកម្មដំណឹងល្អជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និងជួយរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។
លោកបានបន្តទៀតថា ជានិច្ចកាលសមាគមបេសកកម្មដំណឹងល្អតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង គ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌របស់សមាគមនបេសកកម្មដំណឹងល្អដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែននេះជាការចែករំលែកនូវក្តីស្រឡាញ់ចំពោះបងប្អូន។
ជាមួយគ្នានេះដែរឯកឧត្តម ខាន់ ខុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ឯកឧត្តមក៏បានផ្ដាំផ្ញើនិងសំណូមពរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលត្រូវចែកជូនបងប្អូនចំនួន ៥៦០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ។
គួរបញ្ជាក់ថាប្រជាពលរដ្ឋ ៥៦០គ្រួសារ ៖
ស្រុកសន្ទុកមាន២៨០ ឃុំកកោះ មានភូមិជីមាឃ និងភូមិស្វាយកាល់ ឃុំតាំងក្រសាំង មានភូមិធម្មនាថ និង
ឃុំត្បូងក្រពើ មានភូមិត្បូងក្រពើ ។
ក្រុងស្ទឹងសែន ៧០ គ្រួសារ សង្កាត់ស្រយ៉ូវ មានភូមិចំបក់ ។
ស្រុកកំពង់ស្វាយ២១០ ឃុំសាន់គរ មានភូមិស្លែងខ្ពស់ និង ភូមិក្រសាំងខ ឃុំត្រពាំងប្ញស្សី មានភូមិថ្នល់បែក ៕