រដ្ឋបាលខេត្តកំពង់ចាមណែនាំស្តីពីវិធានការបង្ការប្រយុទ្ធប្រឆាំងសហគមន៍២៨ វិច្ឆកា ជម្ងឺកូវីដ-១៩

0

ខេត្តកំពង់ចាម៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំ រួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍នៅខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការរំលឹក និងណែនាំដល់លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម អំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅភូមិសាស្ត្រខេត្តកំពង់ចាម ដូចខាងក្រោម៖
១- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងដឹកនាំកិច្ច ការងារនេះដោយផ្ទាល់ក្នុងការចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែង សាសនានានា មន្ទីរសម្រាកព្យាលបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
២- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួង សុខាភិបាល នៅតាមមន្ទីរ -អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។
៣-ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំង អស់ ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមនឹង វិធានការអនាម័យនានា មុននិងក្រោយពេលចេញ-ចូលតាមទីតាំង ដូចមានក្នុងចំណុចទី១ ដោយតម្រូវឱ្យពាក់មាស់ បាញ់អាល់កុល និងប្រើជែលឬសាប៊ូលាងដៃឱ្យបានញឹកញាប់។
៤-ក្នុងករណីរកឃើញម្ចាស់ទីតាំង មិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្ត ឬ បំពាន លើវិធានការវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការរក្សាគម្លាតបុគ្គល គម្លាតសង្គម ការពាក់ម៉ាសទាំងអ្នកលក់ -អ្នកទិញ និងមិនបានចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រួមនឹង វិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាល ខេត្តកំពង់ចាមនឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្ន។
៥- រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ប្រញាប់ប្រញាល់ ទៅធ្វើតេស្តសំណាកនៅតាមមន្ទីរពេទ្យ និងអនុវត្តនូវវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
៦- សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមរាយការណ៍ បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីមានវិធានការបានទាន់ពេលវេលា។
និង ៧- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចាត់តាំងកម្លាំងចុះតាមដាន ត្រួតពិនិត្យការ អនុវត្តរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅមណ្ឌល ចត្តាឡីស័កកម្រិត២របស់រដ្ឋបាលខេត្ត ដោយមិនត្រូវបានអនុញ្ញាតឱ្យមានការចេញដើរដោយសេរីក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះឡើយ ៕