ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំផ្តល់អំណោយជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ សមាគមបាននាំយក អំណោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត  និងលោកជំទាវពេជ្រ ច័ន្ទមុន្នី ឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជនពិការ ១០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពិធីនេះបានធ្វើនៅក្នុងបរិវេណវត្តបាគង  នាថ្ងៃទី ១៩  ខែ មករា  ឆ្នាំ ២០២១  ។

ឧត្តមសេនីយ៍ទោសោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីនិងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានអញ្ជើញចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនពិការទាំង១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ25 គ.ក មីម៉ាម៉ាមួយកេសទឹកត្រីទឹកស៊ីអ៊ីវមួយយួរ និង ថវិកាមួយចំនួនផងដែរ  ។

ឧត្តមសេនីយ៍ទោសោម ស៊ុន  បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងនៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង  សម្ដេចតេជោបានរៀបចំបង្កើតឲ្យមានគណៈកម្មាធិការសមាគមអតីតយុទ្ធជន  នៅគ្រប់បណ្ដាថ្នាក់ ដើម្បីមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ សម្ដេចតេជោហ៊ុនសែន បានឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះជូនដល់ គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត មានដីតែគ្មានផ្ទះ មានជម្រកស្នាក់នៅមិនសមរម្យ និងប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនសរុប១៨១ខ្នងផ្ទះរួចមកហើយ និងបច្ចុប្បន្ននេះកំពុងដំណើរការសាងសង់បន្តទៀត ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន និង ក្រុមគ្រួសារត្រូវ ខិតខំថែរក្សាសុខភាព  និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ19 ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន និងប្តេជ្ញាស្មោះស័្មគ្រជាមួយសម្តេច គាំទ្រជានិច្ចដើម្បីឲ្យសម្តេចតេជោ នឹកនាំនាវាសន្តិភាពបន្តទៀត ដើម្បីប្រទេសមានភាពរីកចម្រើន ។

ដោយ ប៊ុន រដ្ឋា