ប្រជាពលរដ្ឋក្រីក្រចំនួន ៩០ គ្រួសារនៅក្នុងស្រុកកោះធំ ទទួលបានអំណោយសប្បុរសធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

0

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រទូទាំងស្រុកកោះធំ ចំនួន៩០ គ្រួសារ ក្រោមអធិបតីភាព លោកនៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតំណាង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិធីដែលបានកុំមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រធាន អនុប្រធានអនុសាខាស្រុកកោះធំ អាជ្ញាធរស្រុក និងសប្បុរសជននានាជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរ លោក នៃ ចារី បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូន ដែលមានជីវភាពក្រីក្រនាពេលនេះ ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈបក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាកានយោបាយឡើយ។

ក្នុងឱកាសនោះដែរលោក នៃ ចារី ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ពិសេសចូលរួមគ្នាបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបាល ត្រូវលាងដៃនឹងសាប៊ូ អាលកុល ឬជែល ពាក់ម៉ាសជាប្រចាំនៅពេលចេញក្រៅផ្ទះ ឬនៅកន្លែងប្រជុំជន និងត្រូវរក្សាគម្លាតសុវត្ថិភាពផងដែរ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនគ្រួសារក្រីក្រទាំង ៩០ គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស ម៉ាស់ ១០បន្ទះ ជែល ១ដប  និងថវិកា ចំនួន៥ម៉ឺនរៀល។

បន្ទាប់មកប្រតិភូសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនស្ត្រីដែលសម្រាលកូន ចំនួន ១៩នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។ អំណោយដែលផ្តល់ជូនស្ត្រីសម្រាលកូនក្នុងម្នាក់ ទទួលបាន មុងទារក១ ឃីតទារក១កញ្ចប់ និងថវិកា ១០ ម៉ឺនរៀល ៕