ការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួនពីរ

0

កំពត: អភិបាលខេត្តកំពតបានលើក បញ្ជាក់ថាការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតត្រូវ ពិនិត្យឲ្យបានច្បាស់លាស់ឈលើការបំពេញលក្ខខណ្ឌធំៗចំនួន២ ជាការចាំបាច់ដើម្បីឲ្យទណ្ឌិតក្លាយជាបុគ្គលល្អបានវិលទៅចូលរួមសមាហរណកម្មក្នុងសង្គមជាតិ និងគ្រួសារវិញ។
ដូចនេះកាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២១នាសាលាខេត្តក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យនិងវាយតម្លៃកែប្រែរបស់ទណ្ឌិត ដើម្បីដាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅឆ្នាំ២០២១ នេះ។ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ការងារពិនិត្យនិងវាយតម្លៃឥរិយាបថទណ្ឌិត​ ដែល​ជជាប់ក្នុងពន្ធនាគារ គឺជាការងារមួយចាំបាច់ផងដែរ ដើម្បីឲ្យទណ្ឌិតទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ ដែលការងារនេះតែងតែ​អនុវត្តធ្វើជា​រៀងរាល់​ឆ្នាំ​ ដែលទណ្ឌិតបានខិតខំអប់រំកែប្រែឲ្យក្លាយខ្លួនជាបុគ្គលល្អវិញចូលរួបរួមសមាហរណកម្មក្នុងសង្គមជាតិនិងគ្រួសារ។ ​
ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ទណ្ឌិត​ទាំង​នោះ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​​ទៅ​តាម​ច្បាប់​កំណត់​ជា​មុន​សិន​ទើប​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ និង​លើក​លែង​ទោស​នោះ​បាន គឺ​ទណ្ឌិត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ធំៗ​ចំនួន​ ២​ ​យ៉ាង​សិន​ដូចជា ៖
លក្ខខណ្ឌ​ទី​១-ទាក់ទង​នឹង​កិរិយា​មាយាទ លក្ខខណ្ឌ​ទី​ ២-ទាក់ទង​នឹង​ថិរវេលា​នៃ​ទោស​ដែល​ទទួល​បាន​រួច​ហើយ​។
បញ្ជាក់ថា តាមរបាយការណ៍បញ្ជីឈ្មោះទណ្ឌិតដែលត្រូវដាក់ស្នើសុំគណៈកម្មការថ្នាក់ខេត្ត ពិនិត្យវាយតម្លៃ ក្នុងកិច្ចប្រជុំពេលនេះមានចំនួន៤០នាក់ មានស្រីចំនួន២នាក់។ ក្នុងនោះមានការស្នើក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរចំនួន២០នាក់មានបន្ធូរបន្ថយទោសកម្រិត៦ខែចំនួន១៤នាក់ បន្ធូរបន្ថយទោស៩ខែ០១នាក់ បន្ធូរបន្ថយទោស១២ខែ២នាក់និងការលើកលែងទោស៣នាក់។ រីឯការស្នើសុំក្នុងឱកាសបុណ្យពិសាខបូជាមានចំនួន២០នាក់មានស្រី២ នាក់ កម្រិតបន្ធូរបន្ថយទោស៦ខែ១៤នាក់ បន្ធូរបន្ថយទោស៩ខែ២នាក់បន្ធូរបន្ថយទោស១២ខែ ២នាក់និងលើកលែងទោស២នាក់។
ជាលទ្ធផលក្នុងចំណោមទណ្ឌិតទាំង៤០នាក់ នៃការស្នើសុំឱកាសបុណ្យជាតិទាំងពីរខាងលើ បានសម្រេច ការស្នើសុំបន្ធូរបន្ថយនិងលើកលែងទោសសរុបចំនួន២២នាក់មានស្រីចំនួន២នាក់ ក្នុងនោះមានការបន្ធូរបន្ថយ ៣ខែ ១៨នាក់ មានស្រី២នាក់ បន្ធូរបន្ថយ៦ខែ ២នាក់បន្ធូរបន្ថយ៩ខែ១នាក់និងលើកលែងទោស ១នាក់ផងដែរ។
រំលឹកផងដែរថា ឆ្នាំ២០២០ក្នុងឱកាសនៃពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ ទណ្ឌិត​ដែលពន្ធនាគារខេត្តកំពត ដាក់ជូនគណៈកម្មការពិនិត្យវាយតម្លៃនិងកែប្រែរបស់ទណ្ឌិតខេត្ត មានចំនួន ៩៩នាក់ ។ជាលទ្ធផលគណៈកម្មការខេត្តបានពិនិត្យវាយតម្លៃបានចំនួន៥៣នាក់ ដើម្បីបញ្ជូនទៅថ្នាក់ជាតិ និងបានសម្រេចជាស្ថាពរពីថ្នាក់ជាតិតាមគោលការណ៍ច្បាប់កំណត់ មានចំនួន២៥នាក់៕