សិស្សវិទ្យាល័យសំរោង ចំនួន៤៩នាក់នាក់បានស្រែកយំនិងដួលសន្លប់ ដោយមិនដឹងមូលហេតុ 

0

ខេត្តសៀមរាប៖ សិស្សវិទ្យាល័យសំរោង ចំនួន៤៩នាក់ បានស្រែកយំនិងដួលសន្លប់ ដោយមិនដឹងមូលហេតុ។ ករណីនេះ អភិបាលស្រុកសូទ្រនិគម អះអាងថា មិនមានបញ្ហាធំដុំទេ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២១ នេះ ក្នុងបរិវេណសាលាវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អភិបាលស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស បានឲ្យដឹងថា  ដោយឃើញសភាពបែបនេះសមត្ថកិច្ចនិងលោកគ្រូអ្នកគ្រូបានដឹកជញ្ជូនសិស្សទាំងនោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមនិងមណ្ឌលសុខភាពឃុំសំរោង។ លោកបន្ថែមថា បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូនិងតាមការសង្កេត ទៅឃើញថា បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យកូនសិស្សទាំងអស់នោះមិនមានជំងឺឈឺថ្កាត់អ្វីនោះទេ ហើយបើតាមការស្រែកយំរបស់សិស្សសាលាទាំងអស់នោះគឺហាក់បីដូចជាមានរឿងអបិយជំនឿ(ខ្មោចចូល)។បច្ចុប្បន្ននេះសិស្សទាំងនោះត្រូវបានឪពុកម្ដាយដឹកយកទៅផ្ទះនិងអ្នកខ្លះទៀតត្រូវបានពុកម្ដាយហៅមកគ្រូមកសូទ្រផ្លុំទៅជំនឿរបស់ពួកគាត់ហើយអ្នកខ្លះក៏បានធូរស្រាលអស់មួយចំនួនផងដែរ។
លោកម៉ក់ ប្រុស បានឲ្យដឹងបន្តថា តាមការបកស្រាយរបស់ក្រុមគ្រូពេទ្យថា គ្មានសញ្ញាណគ្រោះថ្នាក់អ្វីទេ ពីព្រោះ បរិមាណស្ក  រ​និងសម្ពាធឈាម អុកស៊ីសែន គឺមិនមានបញ្ហាទេ តាមការសន្និដ្ឋានគឺអារម្មណ៍ភ័យតៗគ្នា៕