ឃាត់ខ្លួនបុរស់ម្នាក់បញ្ជូនទៅតុលាការ តាមប្ដឹងលើករណី រំលោភលើទំនុកចិត្ត( ដកយកប្រាក់ពីក្រុមហ៊ុនចំនួន២១,៩១០$ ពីរម៉ឺនមួយពាន់ប្រាំបួនរយដប់ដុល្លារអាមេរិក) នៅក្រុងសិរីសោភណ

0

បន្ទាយមានជ័យ៖ យោងពាក្យបណ្ដឹងចុះថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ របស់ដើមបណ្ដឹងឈ្មោះ ពិត ភីគីម ហៅ ពិត ស្រួច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត ប.ជ បានប្ដឹងលើករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី០៣.០៤.២០១៩ ។
យោងការអនុញ្ញតឱ្យបើកការស៊ើបអង្កតបឋមលេខ៣៩៣ ចុះថ្ងៃទី០៩.មីនា ឆ្នាំ២០២១ របស់លោក ស៊ិន វិសុទ្ធ ព្រះរាជ្ញារង សាលាដំបូងខេត្ត ប.ជ ដោយទទួលបានបទបញ្ជាពីលោក ឧ.ត្រី បោន ប៊ិន មេ.ការ អ.ហ ខេត្ត
លោក វ.ឯ ម៉ែន ភិរម្យ មេ.ការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានរាយការណ៍ជូន ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ប.ជ រួចមក លោក វ.ឯ ម៉ែន ភិរម្យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត ធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ៖ និត វឌ្ឍនា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចក្រុមហ៊ុនទិញ លក់ដីឡូតិ៍ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៦.០៣.២០២១ ហើយយកមកសួរនាំ។
លោក វ.ឯ ម៉ែន ភិរម្យ បានឱ្យដឹងថា ក្រោយពីសួរនាំរួច ជនសង្ស័យឈ្មោះ និត វឌ្ឍនា បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានដកយកប្រាក់ពីក្រុមហ៊ុនចំនួន២១,៩១០$(ពីរម៉ឺនមួយពាន់ប្រាំបួនរយដប់ដុល្លារអាមេរិក) ពិតប្រាកដមែន។
បើយោងតាមការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ ពិត ភីគីម ហៅ ពិត ស្រួច ឱ្យដឹងថា នៅថ្ងៃទី០៥. ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនគេ និងឈ្មោះសឿង សុភឿន ,ឈ្មោះហួត សំបូរ ,ឈ្មោះពិត សីហា និងឈ្មោះ និត វឌ្ឍនា បានរួមគ្នាបង្កើតក្រុមហ៊ុន លក់-ទិញ ដីឡូតិ៍ ហើយឈ្មោះ និត វឌ្ឍនា មានតួនាទីជាអ្នកគ្រប់គ្រងគណនីចំណូលចំណាយរបស់ក្រុមហ៊ុន ចាប់តាំងពីបើកក្រុមហ៊ុន រហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនបានបូកសរុបការងារក្នុងក្រុមហ៊ុន ស្រាប់តែបាត់ប្រាក់ចំណូលចំនួន២១,៩១០ដុល្លារអាមេរិក ហើយក្រុមហ៊ុនធ្វើការស្រាវជ្រាវទើបរកឃើញថា ឈ្មោះ និត វឌ្ឍនា គឺជាអ្នកយកប្រាក់នោះ។ ហើយក៏មកដាក់ពាក្យបណ្ដឹងនៅ អ.ហ ខេត្តតែម្ដង។
ដោយមានពាក្យបណ្ដឹង និងចម្លើយសារភាព កម្លាំងជំនាញ អ.ហ ខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់តាមច្បាប់ហើយនៅថ្ងៃទី១៧.០៣.២០២១នេះ៕ដោយ៖ឃិន គន្ធា