លោក ស៊ុ សំអន នាយកសាខា ចុះផ្សព្វផ្សាយពីវិធានការការពារខ្លួនពី កូវីដ-១៩ និងសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ១០ មករា ១៩៧៩

0

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមប្រតិបត្តិសាខា ដឹកនាំដោយ លោក ស៊ុ សំអន នាយកសាខា ចុះផ្សព្វផ្សាយពីវិធានការការពារខ្លួនពី កូវីដ-១៩ និងសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ១០ មករា ១៩៧៩ ដល់យុវសិស្សដែលជាប្រធានថ្នាក់ អនុប្រធានថ្នាក់ ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា សហភាពហព័ន្ធយុវជនកម្ពុជា និងយុវកាយរឹទ្ធិជាតិកម្ពុជា ចំនួន១៤២នាក់ ស្រី១២៨នាក់។ ការផ្សព្វផ្សាយនេះក្នុងគោលបំណងពង្រឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ឲ្យបានទូលំទូលាយ ក្នុងចំណោមយុវជនដែលកំពុងសិក្សាក្នុងសាលារៀន។

ក្នុងឱកាសនោះដែរ លោកនាយកសាខាក៏បានផ្តាំផ្ញើដល់យុវសិស្សដែលបានចូលរួម សូមយកការយល់ដឹងពីការផ្សព្វផ្សាយនេះ ទៅអប់រំបន្តដល់មិត្តភក្តិក្នុងថ្នាក់រៀនរបស់ខ្លួន គឺត្រូវពាក់ម៉ាស់ជាប្រចាំ លាងសំអាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥០ម៉ែត្រឡើងទៅ មួយទៀតលោកនាយកសាខាសំណូមពរប្អូនៗ បន្ទប់រៀនត្រូវបើកទ្វារ បង្អួចឲ្យមានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើនកុះករបើមិនចាំបាច់ ប្តូរទម្លាប់កុំចាប់ដៃគ្នា និងកៀកស្មាគ្នាជាដើម។ ជាចុងក្រោយលោកនាយកសាខាបានអំពាវនាវយុវជនទាំងអស់ចូលរួមស្កែនQR កូដដើម្បីដឹងពីស្ថានភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនចាក់វាក់សាំងនៅពេលវេលាសមស្របណាមួយ៕ ដោយ ស៊ាន សុផាត