និស្សិតយោធាថៃ៣០នាក់ចុះមកទស្សនសិក្សាច្រកអន្តរជាតិជាំស្រង៉ាំនិងពិនិត្យបង្គោលសីមាព្រំដែនលេខ ១

0

ឧត្តមានជ័យ៖  ដោយ ចាន់ ធី ក្រុមនិស្សិតយោធាថៃ៣០នាក់ បានធ្វើដំណើរមកពីទីក្រុងបាងកក ប្រទេសថៃ មកច្រកអន្តរជាតិព្រំដែនកម្ពុជា ថៃ ជាំស្រង៉ាំ ស្ថិតនៅចំណុចភូមិលើភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងទស្សនសិក្សា ការទំនាក់ទំនងព្រំដែនកម្ពុជា តាមបន្ទាត់ព្រំដែន កាលពីវេលាម៉ោង១១,៤០នាទីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១។

នៅក្នុងដំណើរទស្សនសិក្សារបស់ ក្រុមនិស្សិតយោធាថៃ ដោយមានការទំនាក់ទំនង មន្រ្តីមានសមត្ថកិច្ច ការងារទំនាក់ទំនងកម្ពុជា ថៃប្រចាំច្រកអន្តរជាតិជាំ ដើម្បីសម្រួលភាពងាយស្រួលដល់ប្រតិភូនិស្សិតយោធាថៃ ក្នុងឯកសណ្ឋានប៉ារ៉ា ដែលដឹកនាំដោយលោកវរសេនីយ៍ឯក  រ៉ាត់ថន ផុងសិរីថាប់ ប្រធានទំនាក់ទំនងថៃ កម្ពុជាប្រចាំតំបន់ទី ១ ដោយភាគគីកម្ពុជា ថៃ បានសហការគ្នាប្រកបដោយភាពជោជ័យ ។

បន្ទាប់ពីក្រុមនិស្សិតយោធាថៃ បានសាកសួរនូវភាពចម្ងល់ក្នុងចិត្ត ដើម្បីទុកជាបទពិសោធន៍ ពីសំណាក់មន្រ្តីប្រចាំការជំនាញរួចមក ក្រុមទស្សនសិក្សាក៏បានបន្តដំណើរ ទៅត្រួតពិនិត្យបង្គោលព្រំសីមាលេខ ១ចំណុចUA(39003-1586004) ស្ថិតនៅភូមិសាស្រ្តខាងថៃ ដើម្បីជាចំណេះដឹងក្នុងការងារបង្គោលព្រំដែនកម្ពុជា ថៃ នៅច្រកអន្តរជាតិជាំ។