ឯកឧត្តម ស៊ិន វិរៈព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់រថយន្តដឹកសុនខជាង១០០ក្បាលដែលឈ្មួញដឹកទៅលក់ត្រូវបានជួយសង្រ្គោះ

0

ខេត្តកំពង់ធំ៖  សុនខជាង១០០ក្បាល ត្រូវបានព្រលែងឲ្យមានសេរីភាពឡើងវិញ ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តមស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យកាអមសាលាដំបូងខេត្តកំពង់ធំ ដែលបានដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ រួមជាមួយមន្ត្រីបស្សុព្យាបាលសត្វ មន្ត្រីកងរាជអាវុធហត្ថខេត្ត ស្ទាក់ចាប់រថយន្ត ដែលបានដឹកសត្វសុនខ នៅចំនុចភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង២២:៤៥ នាទី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឃាត់រថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 2A-4534 ដែលបានដឹកសត្វសុនខជាង១០០ក្បាល ដែលឈ្មួញបានឈរជើងទិញនៅភូមិត្រាចជុំ ឃុំសព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ​ ដែលមានរថយន្តឈ្មោះ វឿន វ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ  រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម និងព្រូឡានឈ្មោះ អឿង អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

តាមការឲ្យដឹងពីលោក សាយ វាសនា ព្រះរាជអាជ្ញារង បានឲ្យដឹងថា ឈ្មួញដែលជាអ្នកប្រមូលទិញមានឈ្មោះ មូល មាន ភេទប្រុស អាយុ ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ អាយ ផេន រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ បានមកឈរជើងទិញនៅចំនុចខាងលើ ដើម្បីរកសត្វសុនខទាំងនេះទៅលក់នៅម្តុំថ្នល់បែក, ភូមិរកាកោង ដើម្បីដឹកបន្តទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចឃាត់បាន។

សូមបញ្ជាក់ផងដែរថា ចំពោះខេត្តសៀមរាប គឺត្រូវបានឯកឧត្តមអភិបាលខេត្តសៀមរាប និងមន្ទីរកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប រួមទាំងអគ្គនាយកដ្ឋានសុខភាពសត្វ បានចេញលិខិតដាច់ខាតហាមចារចរលក់សាច់ឆ្កែ និងជួញដូរជាដាច់ខាត និងត្រូវហាមឃាតការធ្វើអជីវកម្មសត្វសុនខ ចំពោះអ្នកមិនគោរពនិងត្រូវបានធ្វើការណែនាំ បើមិនគោរពតាមសេចក្តីជូនដំណឹងនិងត្រូវទទួលពិន័យទោសទណ្ទតាមច្បាប់។

លោកតាន់ ម៉េងឆាង ប្រធានការិយាល័យបស្សុព្យាបាលសត្វ បានឲ្យដឹងថា ម្ចាស់រថយន្តនិងត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ការធ្វើអជីវកម្មសត្វសុនខតទៅទៀត បើមានការដឹកជញ្ជូនលើកក្រោយនិងត្រូវពិន័យករណីមិនរាងចាល ចំណែកសត្វសុនខជាង១០០ក្បាល ការិយាយជំនាញឲ្យដឹកទៅទីតាំងប្រភពដើមវិញ ដើម្បីធ្វើការដោះលែងឲ្យមានសេរីភាព ។

មហាជនជាច្រើនបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការជួយសង្រ្គោះអាយុជីវិតរបស់សត្វសុនខជាង១០០ក្បាល ពីសំណាក់ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ និងមិនគាំទ្រដាច់ខាតឲ្យមានការធ្វើអជីវកម្មសត្វសុនខ ព្រោះសត្វឆ្កែគឺជាសត្វដែលមានជីវិតរស់នៅ យ៉ាងជិតឌិតនិងស្និទ្ធស្នាលបំផុតជាមួយមិនមនុស្ស និងជាសត្វដែលផ្តល់គុណប្រយោជន៍ដល់ម្ចាស់ ដូច្នេះសំណូមពរឲ្យរាជរដ្ឋាភិបាលចេញច្បាប់មួយដើម្បីការពារសត្វសុនខ កុំឲ្យមានការសំលាប់ជួញដូរបន្តទៀត។

ដោយ ប៊ុន រដ្ឋា