បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃ៣៥អង្គកំពុងមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ

0

ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី  យកនូវទេយ្យទានប្រគេនគណៈកម្មាធិការអាចារ្យវត្ត សម្រាប់បចង្ហាន់ជូនព្រះសង្ឃទាំង ៣៥អង្គ កំពុងគង់ធ្វើសមាធិនៅក្នុងតំបន់ព្រៃសហគមន៍ កំពុងតែខ្វះខាតចង្ហាន់ ប្រចាំថ្ងៃដោយសារ ដោយសារពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាព្រះសង្ឃ រងផលប៉ះពាល់ដោយសារមេរោគកូវីត19 ចូលក្នុងសហគមន៍នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន ទទួលបានសំណូមពរពីគណៈកម្មាធិការអាចារ្យវត្ត ចំពោះការខ្វះខាតង្ហាន់ ព្រះសង្ឃទាំង៣៥អង្គ បាននិមន្តចេញពីវត្តវិបស្សនារាម ហៅវត្តវល្លិ៍យាវ ដើម្បីគង់ធ្វើសមាធិ ចម្រើនភាវនាធម៌ នៅក្នុងតំបន់ព្រៃសហគមន៍ ស្ថិតនៅក្នុងតំបន់ត្រពាំងថ្ម ស្រុកកំពង់ស្វាយ ក៏បាននាំយកនូវទេយ្យទានមានអង្ករចំនួន 200គ.ក  មីម៉ាម៉ា៦កេស ត្រីខ12 យួរ ប្រហុក 10គ.ក ទឹកសុទ្ធវីតាល់១០ កេស ព្រមទាំងគ្រឿងទេសនិងបរិក្ខាពេទ្យការពារការឆ្លងមេរោគកូវីដ១៩ ជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសប្បុរសជនមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានក្រាបថ្វាយបង្គំសំណូមពរដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមេត្តាប្រុងប្រយ័ត្នការពារព្រះកាយកុំឱ្យមានការឆ្លងរាលដាលមេរោគcovid 19 ដោយត្រូវអនុវត្តឲ្យបាននៅវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ព្រោះថាមេរោគកូវីត19 មិនស្គាល់ព្រះសង្ឃ ឬពុទ្ធបរិស័ទឡើយ។

ព្រះតេជគុណហៀក សុមន្នី ព្រះគ្រូចៅអធិការវត្ត វត្តវល្លិ៍យាវ និងជាព្រះគ្រូឧបធ្យាចាក្នុងការដឹកនាំព្រះសង្ឃធ្វើសមាធិនៅក្នុងទីព្រៃស្មសាននេះ អំណរគុណដល់ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលបានជួយឧបត្ថម្ភទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ និងបានជួយកសាងសមិទ្ធផលជាច្រើនទៀតនៅក្នុងវត្ត វត្តវល្លិ៍យាវកន្លងមកផងដែរ។

ដោយ ប៊ុន រដ្ឋា