ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

0

ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៨ ខែមីនានេះ ខេត្តសៀមរាប មានមនុស្ស១០នាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍”សហគមន៍ ២០កុម្ភៈ” ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុរបស់អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ចំពោះព្រះសង្ឃដែលនិមន្តមកពី៤៦វត្តក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម ទៀ សីហា បន្តថា ក្នុងចំណោមអ្នកទាំង១០នាក់នេះ មានស្ត្រីជាជនជាតិចិនម្នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរួចហើយដែរ។ ជាមួយនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ ឯកឧត្តម អភិបាលខេត្តសៀមរាប បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” នេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ខេត្តសៀមរាប បានរកឃើញជាដំបូងនូវស្ត្រីម្នាក់រស់នៅស្រុកពួក ដែលមានវិជ្ជមានកូវីដ-១៩ និងបានរកឃើញជាបន្តបន្ទាប់ទៀត ដែលមកដល់ថ្ងៃទី២៨ខែមីនានេះ ខេត្តសៀមរាប បានរកឃើញជាបន្តបន្ទាប់នូវអ្នកមានជំងឺកូវីដ-១៩ ចំនួន១០នាក់។
ជាមួយនឹងការរកឃើញនេះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការ “៣កុំ ៣ការពារ” និងវិធានការនានារបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ក្នុងករណីដែលបងប្អូនមិនបានអនុវត្តអាជ្ញាធរ នឹងធ្វើការអនុវត្តច្បាប់ដែលមានចែងជាធរមាន៕