ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន៣ឃុំ នៅស្រុកសាលាក្រៅ ខូចខាតដំបូលអស់ចំនួន១៣ខ្នង

0

ខេត្តប៉ៃលិន៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានករណីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ទ្រាក់ បណ្តាលអោយប៉ើងខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នង ក្នុងនោះធ្ងន់ធ្ងរ១ខ្នង ស្ថិតនៅក្នុងឃុំចំនួន៣គឺឃុំអូរអណ្តូង ឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ើងដំបូល និងរលំផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងថា ៖ ផ្ទះប្រជាពលរដ្ឋ ដែលទទួលរងការខូចខាត ដោយសារភ្លៀងលាយឡំខ្យល់កន្រ្តាក់ទាំងបីឃុំនេះគឺ៖ ទី១. នៅឃុំសាលាក្រៅ ត្រូវខ្យល់ប៉ើងដំបូលផ្ទះ ទទួលរងការខូចខាតចំនួន៦ខ្នង ទី២.នៅឃុំអូរអណ្តូង ទទួលរងការខូចខាតចំនួន០៤ខ្នង និងទី៣. ឃុំស្ទឹងត្រង់ ទទួលរងការខូចខាតចំនួន០៣ខ្នង ។ លោកបន្តទៀតថា មុនពេលកើតហេតុ គេឃើញមេឃខ្មៅងងឹតលាយដោយខ្យល់បក់បោកមកពីទិសខាងលិច ហើយក៏បង្កទៅជាភ្លៀងធ្លាក់ មានផ្គររន្ទះ និង ក្លាយទៅជាខ្យល់កន្ត្រាក់ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទាំងអស់ខាងលើតែម្តង ។ លោកបញ្ជាក់ទៀតថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋទាំងអស់ខាងលើ ទទួលរងការខូចខាតធ្ងន់ធ្ងរ រលំអស់០១ខ្នង ហើយបន្ទាប់ពីក្រុមការងារចុះត្រួតពិនិត្យរួច នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងារនឹងរៀបចំស្បៀងអាហារ ដើម្បីផ្តល់ជូនជនរងគ្រោះខាងលើផងដែរ ៕ ដោយ៖ សេង សុវណ្ណារិទ្ធ