ប្រធាន​គណៈបញ្ជាការឯកភាពខេត្ត​កំពង់ចាម​​ ​ចុះ​ពិនិត្យ​គោលដៅ អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​

កំពង់ចាម​:​ ដោយ​អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងលេខ៤៩ ស.ស.រ នា​ឱកាស​ថ្ងៃ​បុណ្យ​​ចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ឯកឧត្តម​​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ មន្ទីរអង្គភាព​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះត្រួតពិនិត្យគោលដៅ​ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល​ ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ជាបណ្ដោះអារសន្ន​ ដេីម្បីទប់ស្កាត់ការឆ្លងរាដាល​នៃជំងឺកូវីដ១៩​ នៅតាម​បណ្តា​ស្រុក​ នៃខេត្តកំពង់ចាម​ ដែលមានព្រំប្រទល់​ជាប់​​នឹងខេត្តកណ្ដាល​។ 

ឆ្លៀតក្នុង​ឱកាស​អញ្ជេីញចុះត្រួតពិនិត្យគោលដៅនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ ក៏បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ សូម​ឲ្យ​ចូលរួមអនុវត្តន៍តាម​សេចក្តី​ណែនាំ​របស់រាជរដ្ឋាភិបាល ក៏ដូចជា​​វិធានការ​របស់​ក្រសួងសុខាភិបាល  ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃអោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ជៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។​ ជាមួយគ្នា​ឯកឧត្តមអភិបាលខេត្ត​ ក៏បាននាំយក​នូវថវិកា​ និង​សម្ភារ​មួយចំនួនឧបត្ថម្ភដល់កងកម្លាំង​យាមកាម​នៅតាមបណ្ដាគោលដៅ​និមួយៗ​ ផងដែរ​។ 

គួរ​បញ្ជាក់​ថា​ ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក្នុង​នាម​ជា​ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ បាន​ដឹកនាំ​ប្រធាន​អង្គភាព​ និង​អជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​គោលដៅ​ក្នុង​ស្រុក​ចំនួន​៣​ រួមមាន​៖ គោលដៅនៅចំណុច​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ជាប់​ព្រំប្រទល់​ ស្រុកខ្សាច់កណ្ដាល​. គោលដៅនៅចំណុច​ឃុំស្ដៅ​ និង​គោលដៅនៅចំណុច​ស្ពានគងជ័យ​ ឃុំព្រែកកុយ​ ស្រុកកងមាស​ ជាប់​ព្រំប្រទល់​ស្រុកមុខកំពុល​ និង គោលដៅនៅស្ពានទី២៤​ ឃុំតាំងក្រាំង​ ស្រុក​បាធាយ​ ដល់​ព្រំប្រទល់​ស្រុកមុខកំពុល​ ខេត្ត​កណ្ដាល​ ៕